កីឡា

លោក ប៊ុយ សុភ័ណ្ឌទីប្រឹក្សា NOCC ៖ ទិវាកីឡា សម្រាប់ទាំងអស់គ្នា ដោយផ្តោតសំខាន់ លើសកម្មភាពអប់រំកាយ និងកីឡា ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យមាន ការចូលរួមលេង កីឡានៅខេត្តកែប

ខេត្តកែប ៖ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា “NOCC” បានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នានៅខេត្តកែបដែលមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២៧ និងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមការសហការជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តកែប ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយគុណតម្លៃអូឡាំពិក និងនាំសិស្សានុសិស្សជាង ២០០នាក់ លេងកីឡាជាច្រើនប្រភេទ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC លើកឡើងថា ទិវាកីឡាសម្រាប់ទាំងអស់គ្នា គឺធ្វើឡើងយោងតាមកម្មវិធីប្រចាំឆ្នាំរបស់ខ្លួន ក្រោមជំនួយឧបត្ថម្ភរបស់អង្គការ សាមគ្គីអូឡាំពិក។ ក្រុមការងារ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា “NOCC” បានបង្ហាញពីសារសំខាន់នានា ដូចជាគុណតម្លៃអូឡាំពិក ប្រវត្តិ ទស្សនៈវិទ្យាអូឡាំពិក ការវិវឌ្ឍនៃដំណើរការអូឡាំពិកសម័យបុរាណមកដល់សម័យទំនើប រួមទាំងយុទ្ធនាការផ្សព្វផ្សាយ យុវជនម្នាក់លេងកីឡាមួយប្រភេទប្រចាំជីវិត។

លោក ទីប្រឹក្សា NOCC បានបន្តថា ទិវាកីឡាសម្រាប់ទាំងអស់គ្នាត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ដោយផ្តោតសំខាន់លើសកម្មភាពអប់រំកាយ និងកីឡា ដើម្បីផ្សព្វផ្សាយ និងជំរុញឲ្យមានការចូលរួមលេងកីឡា ការហាត់ប្រាណរបស់យុវជន ប្រជាពលរដ្ឋដើម្បីសុខភាព ដោយមិនផ្តោតលើកីឡាជំនាញនោះទេ។ ក្នុងន័យនេះ NOCC បន្តបំផុស ការផ្សព្វផ្សាយស្រប តាមចក្ខុវិស័យ របស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ-IOC គឺការកសាងពិភពលោក ប្រកបដោយសន្តិភាព តាមរយៈការផ្សព្វផ្សាយកីឡា ។ សម្រាប់ថ្ងៃទី១នេះ លោកចែករំលែកអំពីគុណតម្លៃ អូឡាំពិក ហើយនៅថ្ងៃទី២ នឹងរៀបចំសកម្មភាពកីឡាមួយចំនួន ដល់សិស្សានុសិស្សផងដែរ ៕
ដោយ៖លី ភីលីព

Most Popular

To Top