កីឡា

លោក ប៊ុយ សុភ័ណ្ឌ ៖ ថ្ងៃទី២ ទិវាកីឡាសម្រាប់ទាំងអស់គ្នាមានសិស្សានុសិស្សជាង ៥០០នាក់ចូលរួម

កែប៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា (Sport For All 2025-One Youth, One Sport for Life) រយៈពេល២ថ្ងៃ ពីថ្ងៃទី២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយនៅថ្ងៃទី២៨ ខែវិច្ឆិកានេះ គឺជាថ្ងៃទី២ ដែលមានការចូលរួមលេងកីឡាពីសិស្សានុសិស្សជាង ៥០០នាក់ ដោយថ្ងៃទី១ ម្សិលមិញនេះ ក្រុមការងារ NOCC បានចុះទៅបញ្ជ្រាបការផ្សព្វផ្សាយអប់រំអំពីគុណតម្លៃអូឡាំពិក ប្រវត្តិចលនាអូឡាំពិក ដែលកកើតឡើងតាំងពីសម័យបុរាណរហូតដល់សម័យទំនើប ក្រោមការសហការមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា សម្រាប់ថ្ងៃទី២នេះ យើងបានរៀបចំកម្មវិធីលំហាត់ប្រាណ និងកម្មវិធីលេងកីឡាមួយចំនួន។ យើងសង្កេតឃើញថា ពួកគាត់មានភាពសប្បាយរីករាយជាមួយនឹងការចូលរួម។ ក្រោយកម្មវិធីនេះ យើងសង្ឃឹមថា យុវជនទាំងអស់នឹងបន្តធ្វើលំហាត់ប្រាណ និងលេងកីឡាទាំងអស់គ្នា ដែលជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត។

លោកទីប្រឹក្សា NOCC ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ យុវជនទាំងអស់ចូលរួមលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីជំរុញដល់សុខភាពផ្ទាល់ខ្លួនម្នាក់ៗ ក៏ដូចជាចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ ពីព្រោះថាបើសិនជាយើងមិនមានសុខភាពល្អនោះទេ គឺយើងមិនអាចបំពេញភារកិច្ច និងសិក្សាឱ្យបានពេញលេញនោះទេ ដូច្នេះសុខភាពគឺជារឿងសំខាន់ ដោយការទទួលបានខុសភាព គឺតាមរយៈការលេងកីឡា។

យុវតី ឃុត ស្រីនីត សិស្សថ្នាក់ទី១១D នៃវិទ្យាល័យហ៊ុនសែនចំការដូងខេត្តកែបបានបង្ហាញក្តីរីករាយដែលបានចូលរួមស្វែងយល់អំពីគុណតម្លៃអូឡាំពិក និងការចូលរួមលេងកីឡាដើម្បីសុខភាព នៅក្នុងទិវាកីឡាសម្រាប់ទាំងអស់គ្នា។ យុវសិស្ស ស្រីនីត បន្ថែមថា ការលេងកីឡានឹងជួយឱ្យយើងទទួលបានសុខភាពល្អ ក៏ដូចជាការកសាងនូវមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយគ្នាផងដែ។ ស្រីនីត ធ្លាប់លេងកីឡាបាល់ទាត់ បាល់បោះ និងកីឡាប៊ូលកន្លងមកដែរ ហើយឆន្ទៈរបស់យុវសិស្សខេត្តកែបរូបនេះអះអាងថា ប្រភេទកីឡាបាល់បោះមិនត្រឹមតែជាចំណង់ចំណូលចិត្តរបស់ខ្លួនលេងដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់លេងឱ្យបានពូកែផងដែរ។

លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែបគូសបញ្ជាក់ថា លោកពិតជារីករាយចំពោះកិច្ចសហការរៀបចំជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលរៀបចំទិវាកីឡាសម្រាប់ទាំងអស់គ្នា រយៈពេល២ថ្ងៃ នៅទឹកដីខេត្តកែប នាពេលនេះ។ សារៈសំខាន់នៃការរៀបចំនេះបានធ្វើឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់អំពីគុណតម្លៃអូឡាំពិក ក៏ដូចជាផ្តល់ឱកាសដល់សិស្សានុសិស្សបានចូលរួលលេងកីឡា ស្របតាមអនុសាសន៍គន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន គឺប្រជាជនម្នាក់ចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។

លោកបន្ថែមថា តាមរយៈព្រឹត្តិការណ៍នេះក៏បានផ្តល់ផលប្រយោជន៍យ៉ាងច្រើន ក្នុងការឆ្លុះបញ្ចាំងអំពីភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាផងដែរ៕

Most Popular

To Top