កីឡា

ក្រុមកងយោធពលខេមរភូមិន្ទ គ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់ មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ បានគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ដោយគ្រាប់ប៉េណាល់ទី ៥ទល់នឹង ៤ នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតនេះជាគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 ។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមភូមិន្ទ លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ ស្វាយរៀង និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 និងលោក អ៊ុក សំណាង ប្រធានក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញ ។

លោក រិទ្ធ ឌីកា ប្រធានគណៈកម្មការរៀបចំការប្រកួត និងជាប្រធានក្រុមបាល់ទាត់វ័យចាស់ K8 បានមានប្រសាសន៍ថា តាំងនាមប្រធានគណៈកម្មការរៀបចំការប្រកួតសូមអរគុណដល់ក្រុមដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ដែលធ្វើឲ្យការប្រកួតទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។

លោកសូមអរគុណលោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានបានចូលរួមជាកិត្តយសទំាងការប្រកួត និងពិធីបិទ និងលោក ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមភូមិន្ទបានផ្តល់ទីតាំងប្រកួត និងអាហារសាមគ្គីដល់ក្រុមទំាង ៤ នាពេលនេះ
ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ បានគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ ក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ទទួលបានជើងឯករង ក្រុមបាល់ទាត់ សុខភាព មិត្តភាព វ័យចាស់ជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់វ័យចាស់ រាជធានីភ្នំពេញទទួលបានពានក្រុមលេងល្អជាងគេ៕

ដោយ៖ លី ភីលីព

Most Popular

To Top