កីឡា

អង្គការផ្កាយសមុទ្ររៀបចំការប្រកួតកីឡាបាល់ទាត់ សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ដល់ការចូលរួមក្នុងវិស័យកីឡា

ភ្នំពេញ៖ ការប្រកួតកីឡាបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងទៅនៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ នៅរាជធានីភ្នំពេញ ហើយការប្រកួតកីឡាបាល់ទាត់នេះមានគោលបំណងសំខាន់ ដើម្បីចូលរួមអបអរសាទរ និងលើក កម្ពស់ការចូលរួមកីឡាករ-កីឡាការនីមានពិការភាពនៅប្រទេសកម្ពុជា ។

កីឡាករ-កីឡាការនីចូលរួមក្នុងការប្រកួតកីឡាបាល់ទាត់នេះធ្វើដំណើរមកពីខេត្តចំនួន ៣ រួមមានខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការដៃគូរបស់អង្គការផ្កាយសមុទ្រដូចជាកម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ និងអង្គការ Epic Arts ជាដើម ។ ការប្រកួតឆ្នាំនេះ ជាផ្នែកមួយនៃសកម្មភាពបាល់ទាត់សមត្ថភាពចម្រុះរបស់កម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ កីឡាករថ្លង់បានចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ ជាមួយនឹងកីឡាករជិះរទេះ កីឡាករពិការសតិបញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍ទៀតផង ។ នៅកម្ពុជា ឱកាសសម្រាប់អ្នកមានពិការភាពក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យកីឡា គឺកម្រណាស់ ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ។

កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះបានទទួលស្វាគមន៍វត្តមានកីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកថ្លង់ ជាដើម បានសបញ្ជាក់ថា បាល់ទាត់ គឺសម្រាប់អ្នកគ្រប់គ្នា ។ ត្រឹមតែជាការប្រកួតកីឡាបាល់ទាត់សាមញ្ញមួយនេះបានចាប់ផ្តើមកាលពី ១០ ឆ្នាំមុន ឥឡូវនេះបានរីកលូតលាស់ទៅជាកម្មវិធីប្រកួតកីឡា ដែលជួយលើកកម្ពស់ការចូលរួមសម្រាប់ជនមានពិការភាពដ៏ធំ ដោយបាននាំយកឱកាសជាច្រើនដល់កុមារ និងយុវជន ដែលមួយចំនួនមិនត្រូវបានគេរាប់បញ្ចូលក្នុងសកម្មភាព កីឡា ។

កម្មវិធីប្រកួតនេះបានចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក និងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការប្រកួត មិត្តភាព សកម្មភាពលើកកម្ពស់ការចូលរួមរបស់សហគមន៍ពោរពេញដោយបរិយាកាសសប្បាយ រីករាយ ដែលភាពខុសគ្នារបស់កីឡាករកីឡាការនីគ្រប់រូបត្រូវបានរាប់បញ្ចូលទាំងក្នុង និងក្រៅ ទីលាន ។ កីឡាករ-កីឡាការនីចូលរួមប្រកួតទទួលបានពានរង្វាន់ មេដាយ និងរង្វាន់លើកទឹកចិត្តពិសេសៗ ជាច្រើន ដែលមិនត្រឹមតែបង្ហាញ ពីការទទួលស្គាល់ពីសមត្ថភាពកីឡារបស់ពួកគេទេ ថែមទាំងចំពោះ ទឹកចិត្តស្រឡាញ់កីឡា ការសាមគ្គីគ្នាជាក្រុម និងភាពតស៊ូធន់ទ្រាំទៀតផង ។

កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះរបស់អង្គការផ្កាយសមុទ្រលើកទី១៦នេះជាថ្មីម្តងទៀតបានបង្ហាញថា នៅពេលកុមារ និងយុវជនទ ទួលបាន ឱកាសក្នុងការចូលរួមនោះពួកគេកំពុងតែដើរឆ្ពោះទៅ រកភាពរីកចម្រើន ទាំងលើទីលាន និងក្នុងជីវិត ។ កម្មវិធីគឺជាការក្រើនរម្លឹកថា បាល់ទាត់ មិនមែន គ្រាន់តែកីឡាប៉ុណ្ណោះទេ ប៉ុន្តែវាជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ ការកសាងមិត្តភាព និងសាមគ្គីភាពផងដែរ ។

អំពីអង្គការផ្កាយសមុទ្រ៖ សព្វថ្ងៃនេះកម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការសិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំ ពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ដើម្បីរួមចំណែកជួយកាត់បន្ថយឧបសគ្គនានានាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភគាំទ្រជាឯកសណ្ឋាន សម្ភារសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំកម្មវិធីអប់រំរបស់ អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។

ចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម៕

ដោយ៖លី ភីលីព

Most Popular

To Top