ខេត្តសៀមរាប ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមអធីបតីពិធីបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី១ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅកីឡដ្ឋាន ខេត្តសៀមរាប នាពេលនេះដែលបង្ហាញ ពីការយកចិត្តទុកដាក់ ពីលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លើវិស័យកីឡា (ជាកាទូតសន្តិភាពដ៏សំខាន់) ជាពិសេស ផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ជាអ្នកអនុវត្ត គោលនយោបាយអប់រំ និងអនុវត្តនូវកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព នៅពហុកីឡាដ្ឋានខេត្តសៀមរាប។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់ខាងលើកនេះ ក្រោយទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានជំនាញ និង លោក លោកស្រី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានសហការគ្នា រៀបចំឡើងផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ ។

ការចូលរួមប្រកួតកីឡាប៉េតង់ពានរង្វាន់នេះមានកីឡាករ-កីឡាការិនី ជាប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងប្រតិភូកីឡា សរុបចំនួន ២៣៦ នាក់ អញ្ជើញ មកពីរាជធានី ខេត្តចំនួន២៥ និងមានថ្នាក់ដឹកនាំក្រសួង មន្រ្តីអង្គភាពចំណុះ ចំនួន៣០នាក់ ចូលរួមប្រកួត លើវិញ្ញាសាចំនួន២ គឺ វិញ្ញាសា២ នាក់ ទល់ ២ នាក់ និងវិញ្ញា ៣ នាក់ ទល់ ៣ នាក់ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏មានប្រសាសន៍ថា ខ្ញុំសូមអរគុណ ចំពោះគំនិតផ្តួចផ្តើម របស់លោក អគ្គនាយកកីឡា និងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ដើម្បីរៀបចំការប្រកួត កីឡាប៉េតង់ពានរង្វាន់របស់ខ្ញុំនាឱកាសនេះ ។ កីឡាប៉េង់ ជាកីឡាមិនមែនអូឡាំពិក ប៉ុន្តែ ជាប្រភេទកីឡា ដែលមានសក្តានុពល និង ទទួលបានមេដាយច្រើនពីការប្រកួត កម្រិតអន្តរជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិជាច្រើន ។ ការចូលរួមប្រកួតកីឡាប៉េតង់ កម្រិតជ្រើសរើសជើង ឯកពិភពលោក និងកម្រិតអាស៊ី ក៏ទទួលបានមេដាយ មាស ប្រាក់ និង សំរឹទ្ធិជាច្រើន នេះសាបញ្ជាក់ឱ្យឃើញថា កីឡាប៉េតង់ចូលរួម ក្នុងការលើកកម្ពស់ មុខមាត់ប្រទេសកម្ពុជាយើងទាំងកម្រិតអាស៊ាន កម្រិតអាស៊ី និងកម្រិតពិភពលោក ។
ការលេងកីឡា មិនត្រឹមតែធ្វើបុគ្គលិកអប់រំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស បានសប្បាយរីករាយ តែមួយមុខនោះទេ ថែមទាំងជួយឲ្យពួគគាត់មានសុខភាពល្អ មានបញ្ញាឈ្លាសវៃ មានកាយសម្បទាមាំមួន មានកម្លាំងខ្លាំងក្លា និងជៀសផុតពីភាពអសកម្មផ្សេងៗនៅក្នុងសង្គមទៀតផង ជាពិសេសស្របតាមយុទ្ធនាការអប់រំរបស់រាជរដ្ឋាភិបាល “ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្តថា ដើម្បីបន្តលើក កម្ពស់វិស័យកីឡា និងកិត្យានុភាពកម្ពុជា លើឆាកជាតិ និងអន្តរជាតិឲ្យបានខ្ពស់ឡើង ជាលំដាប់ទៀតនោះ ក្រសួងនិងអ្នកពាក់ព័ន្ធ នឹងរួមគ្នាបន្តអនុវត្តកំណែ ទម្រង់វិស័យកីឡា ដោយពង្រឹងយន្តការដែលមានស្រាប់ និងផ្តោតលើ៖ការពង្រឹងសហព័ន្ធកីឡា ការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងពង្រឹងការគ្រប់គ្រងសហព័ន្ធ ។ការរៀបចំទីលានកីឡាតាមស្តង់ដាក្នុងគ្រឹះស្ថានសិក្សា ដោយចាប់ផ្តើមពី ១ វិទ្យាល័យ ក្នុង ១រាជធានី ខេត្ត ការពង្រឹង និងពង្រីកសកម្មភាពអប់រំកាយក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ។
ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រី រៀបចំឲ្យមានទីលានកីឡា និងទីធ្លា បម្រើឲ្យការលេងកីឡា ហាត់ហ្វឹកហ្វឺន ប្រកួតកីឡាគ្រប់ប្រភេទទៅតាមទីតាំងទីលានសមស្រប ជាពិសេសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង អង្គការដៃគូរ និងសប្បុរសជននានា ក្នុងការជួសជុល កែលម្អរ និងសាងសង់ទីលានកីឡានៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ដើម្បីបង្ករភាពងាយស្រួលដល់សិស្សានុសិស្ស ក៏ដូចជាមហាជន ឲ្យមានការស្រលាញ់ និងលេងកីឡា ឲ្យកាន់តែច្រើនបន្ថែមទៀត ។

លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់អគ្គនាយកដ្ឋានកីឡា អង្គភាពជំនាញ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងសូមថ្លែងអំណរគុណ លោក សុខ សុកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឧបត្ថម្ភគាំទ្រ បញ្ជូនមន្ត្រីបច្ចេកទេស និងឧបត្ថម្ភផ្តល់ប៊ូល សម្រប់ជ័យលាភីលេខ២ និង លេខ៣ ទាំង ២ វិញ្ញាសា បានចូលរួមរៀបចំ ធ្វើឱ្យកម្មវិធីប្រកួតនេះ ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់ ៕


