ភ្នំពេញ ៖ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និង ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក Tom Liaw ប្រធានសហព័ន្ធលើកទម្ងន់សិង្ហបុរី និងអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥បានអញ្ជើញ ចូលរួមកិច្ចប្រជុំស្ដីពី “សាមគ្គីភាពអូឡាំពិក ដើម្បីការអភិវឌ្ឍន៍ គម្រោងប្រព័ន្ធកីឡាជាតិ” របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ខ្ញុំពិតជាមានសេចក្តី សោមនស្សរីករាយយ៉ាងក្រៃលែង បានចូលរួមដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយលោក Tom Liaw ប្រធានសហព័ន្ធលើកទម្ងន់សិង្ហបុរី និងអ្នកជំនាញសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ ដែលមកកម្ពុជាជាលើកទី២ ក្នុងនោះលោកបាន ទៅទស្សនា ក្លិបកីឡាលើកទម្ងន់ តាមបណ្តាខេត្តចំនួន ៣ របស់សហព័ន្ធ លោកបានមកកម្ពុជា តាំងពីថថ្ងៃទី២៨ ខែវិច្ឆិការហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ។

សូមអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សមាជិកក្រុមប្រឹក្សាប្រតិបត្តិ មន្ត្រីគណៈកម្មការជំនាញ និងក្រុមការងារ នៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ (IWF) អាស៊ី(AWF) និងអាស៊ីអាគ្នេយ៍(SEAWF) តែងតែឧបត្ថម្ភសម្ភារៈ ស្មារតីដែលមានតម្លៃមិន អាចកាត់ថ្លៃបាន និងជាពិសេសអរគុណ ចំពោះសហព័ន្ធកីឡា លើកទម្ងន់អន្តរជាតិ ដោយបានចាត់លោក Tom Liaw ប្រធានសហព័ន្ធកីឡា លើកទម្ងន់សិង្ហបុរី ដែលជាអ្នកជំនាញ មានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការដឹកនាំ វិស័យកីឡាលើកទម្ងន់ ទាំងឆាកជាតិ និងអន្តរជាតិ រយៈពេល២៤ឆ្នាំកន្លងមកនេះ ។

លោក ប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា បានបន្តថា តាមរយៈកិច្ចប្រជុំពិភាក្សា និងបំពេញទស្សនកិច្ចទីតាំងហ្វឹកហាត់ផ្ទាល់ ដែលបានប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃកន្លងមកនេះ យើងពិតជាទទួលបាននូវផលប្រយោជន៍ និងភាពវិជ្ជមានជាច្រើន អាចទាញយកមកវិភាគ និងសំយោគក្នុងកិច្ចការអនុវត្តការងាររចនាសម្ព័ន្ធគ្រប់គ្រង ប្រព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ កែលម្អស្ថាប័ន ជ្រើសរើសបុគ្គលិក អត្តពលិកមានទេពកោសល្យ អភិវឌ្ឍន៍បច្ចេកទេសហាត់ហ្វឺនហ្វឺន បំពេញបន្ថែមសម្ភារៈ ការរៀបចំការ ប្រកួត ការប្រាស្រ័យ ទាក់ទង ដែលអាចបង្កើតបានជាផែនទីបង្ហាញផ្លូវសម្រាប់អភិវឌ្ឍសហព័ន្ធឆ្ពោះទៅសម្រេច បានតាមផែនការ យុទ្ធសាស្ត្រ ឆ្នាំ២០២៥-២០៣១ និងសង្ឃឹមយ៉ាងជឿជាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ពិតជាមានការរីកចម្រើនភាពប្រសើរឡើងបន្ថែមទៀតក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងចូលរួមបានច្រើនក្នុង ព្រឹត្តិការណ៍ជាមួយដៃគូក្នុងតំបន់ ទ្វីប និងពិភពលោក ។

លោក តែម ម៉ឺន បានបន្ថែមជាការពិតណាស់កីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសុខភាពផ្លូវកាយ កែលម្អសុខភាពផ្លូវចិត្ត បង្កើនផលិតភាព កាត់បន្ថយភាពតានតឹង ក្នុងអារម្មណ៍ លើកកម្ពស់គុណភាពជីវិត និងសុភមង្គលក្នុងគ្រួសារ ។ អ្នកជំនាញ របស់យើងដឹងហើយថា កីឡាលើក ទម្ងន់ជាប្រភេទកីឡាអូឡាំពិក និងមានប្រជាប្រិយភាព ដែលមានប្រទេសចូលរួមចំនួន១៩៣ ដូចនេះរាល់ការ ចូលរួមគឺត្រូវតែមានការប្រកួតប្រជែង គួបផ្សំកាយសម្បទាខ្ពស់ លក្ខណៈបច្ចេកទេស គុណវុធគ្រប់គ្រាន់ មានការប្រុងប្រយ័ត្ន ឆន្ទៈ និងមានស្មារតីទទួលខុសត្រូវ ។
ដូចនេះ ខ្ញុំសង្ឃឹមថា លោក Tom Liaw នឹងនាំយកតម្រូវការទាំងលើនេះ លើកសំណើជូនទៅថ្នាក់ដឹកនាំ សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ សហព័ន្ធកីឡាលើកទម្ងន់អាស៊ី សហព័ន្ធកីឡាលើកទម្ងន់អាស៊ីអាគ្នយ៍ និងដៃគូពាក់ព័ន្ធផ្សេងទៀត ក្នុងគំនិតផ្តួចផ្តើម គាំទ្រកីឡាលើកទម្ងន់កម្ពុជាទទួលបានការស្មើភាព ស្មើមុខ ស្មើ មាត់ និងមានឱកាសយ៉ាងពេញលេញក្នុងគ្រប់ សកម្មភាព កម្មវិធី និងព្រឹត្តិការណ៍នានា ដែលជាមាគ៌ា នាំឲ្យសហព័ន្ធមានភាព កាន់តែលេចធ្លោ និងស្គាល់កាន់តែច្បាស់បន្ថែមទៀតនៅលើ “ឆាកជាតិ និងអន្តរជាតិ”៕


