ខេត្តសៀមរាប ៖ ក្រុមកីឡាប៉េតង់ខេត្តស្វាយរៀង និងក្រុមកីឡាប៉េតង់ខេត្តកំពត គ្រង់តំណែងជើងឯក នៃការប្រកួតកីឡាប៉េតង់ពានរង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តសៀមរាប ខណៈការប្រកួតនេះធ្វើឡើង ក្នុងគោលបំណងលើវិស័យកីឡា ជាពិសេសផ្សារភ្ជាប់ រវាងថ្នាក់ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ជាអ្នកអនុវត្ត គោលនយោបាយអប់រំ និងអនុវត្តនូវកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព ។

ក្នុងឱកាសពិធីប្រគល់ជ័យលាភី និងប្រកាសបិទការប្រកួតកីឡាប៉េតង់ពានរង្វាន់ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៥ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នេះដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ការប្រកួតកីឡាប៉េតង់ ពានរង្វាន់ខាងលើកនេះ ក្រោយទទួលបានការ អនុញ្ញាតពីលោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារអគ្គនាយកដ្ឋានកីឡា នាយកដ្ឋានជំនាញ និង លោក លោកស្រី ប្រធានមន្ទីរ អប់រំ យុវជន និងកីឡា រាជធានី ខេត្ត បានសហការគ្នា រៀបចំឡើងផ្សារភ្ជាប់រវាងថ្នាក់ដឹកនាំក្រសួងយ៉ាងជិតស្និត និងកក់ក្តៅជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ទាំង២៥ ។

ការចូលរួមប្រកួតកីឡាប៉េតង់ ពានរង្វាន់នេះមានកីឡាករ-កីឡាការិនី ជាប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងប្រតិភូកីឡា សរុបចំនួន ២៣៦ នាក់ អញ្ជើញមកពីរាជធានី ខេត្តចំនួន២៥ និងមានថ្នាក់ដឹកនាំក្រសួង មន្រ្តីអង្គភាពចំណុះ ចំនួន៣០នាក់ ចូលរួមប្រកួតលើវិញ្ញាសាចំនួន២ គឺ វិញ្ញាសា២ នាក់ ទល់ ២ នាក់ និងវិញ្ញា ៣ នាក់ ទល់ ៣ នាក់។

ចំពោះលទ្ធផលនៃការប្រកួតរយៈពេល ២ ថ្ងៃ គឺវិញ្ញាសា២ នាក់ ទល់ ២ នាក់ ក្រុមកីឡាប៉េតង់ខេត្តស្វាយរៀង ទទួលបានមេដាយមាស ក្រុមកីឡាប៉េតង់ខេត្តបាត់ដំបង ទទួលបានមេដាយប្រាក់ និងក្រុមកីឡាប៉េតង់ខេត្តកោះកុង ទទួលបានមេដាយសំរិទ្ធ។ វិញ្ញា ៣ នាក់ ទល់ ៣ នាក់ ក្រុមកីឡាប៉េតង់ខេត្តកំពត ទទួលបានមេដាយមាស ក្រុមកីឡាប៉េតង់ខេត្តព្រះសីហនុ ទទួលបានមេដាយប្រាក់ និងក្រុមកីឡាប៉េតង់ខេត្តស្ទឹងត្រែង ទទួលបានមេដាយសំរិទ្ធ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏មានប្រសាសន៍ថា ការលេងកីឡាមិនត្រឹមតែធ្វើបុគ្គលិកអប់រំ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានសប្បាយរីករាយតែមួយមុខនោះទេ ថែមទាំងជួយឲ្យពួគគាត់មានសុខភាពល្អ មានបញ្ញាឈ្លាសវៃ មានកាយសម្បទាមាំមួន មានកម្លាំងខ្លាំងក្លា និងជៀសផុតពីភាពអសកម្មផ្សេងៗនៅក្នុងសង្គមទៀតផង ជាពិសេសស្របតាមយុទ្ធនាការអប់រំរបស់រាជរដ្ឋាភិបាល “ ប្រជាជនម្នាក់ លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ បានបន្តថា ដើម្បីបន្តលើកកម្ពស់វិស័យកីឡា និងកិត្យានុភាពកម្ពុជាលើឆាកជាតិ និងអន្តរជាតិឲ្យបានខ្ពស់ឡើង ជាលំដាប់ទៀតនោះ ក្រសួង និងអ្នកពាក់ព័ន្ធនឹងរួមគ្នាបន្តអនុវត្តកំណែទម្រង់វិស័យកីឡា ដោយពង្រឹងយន្តការ ដែលមានស្រាប់ និងផ្តោតលើ៖ការពង្រឹងសហព័ន្ធកីឡា ការបណ្តុះបណ្តាលកីឡាករ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងពង្រឹងការគ្រប់គ្រងសហព័ន្ធ ។ការរៀបចំទីលានកីឡាតាមស្តង់ដាក្នុងគ្រឹះស្ថានសិក្សា ដោយចាប់ផ្តើមពី ១ វិទ្យាល័យ ក្នុង ១រាជធានី ខេត្ត ការពង្រឹង និងពង្រីកសកម្មភាពអប់រំកាយ ក្នុងម៉ោងសិក្សា និងកីឡាក្រៅម៉ោងសិក្សា ។

លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបន្ថែមថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណជាថ្មីម្តងទៀតដល់អគ្គនាយកដ្ឋានកីឡា អង្គភាពជំនាញ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត និងសូមថ្លែងអំណរគុណ លោក សុខ សុកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានឧបត្ថម្ភគាំទ្របញ្ជូនមន្ត្រីបច្ចេកទេស និងឧបត្ថម្ភផ្តល់ប៊ូលសម្រប់ជ័យលាភីលេខ២ និងលេខ៣ ទាំង ២ វិញ្ញាសា បានចូលរួមរៀបចំ ធ្វើឱ្យកម្មវិធីប្រកួតនេះ ទទួលបានជោគជ័យដ៏ត្រចះត្រចង់៕



