កីឡា

លោក វ៉ាត់ ចំរើន ៖វិស័យអប់រំកាយ និងកីឡាជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង

ភ្នំពេញ៖ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា កិច្ចប្រជុំបូកសរុបការងារនេះធ្វើឡើងដើម្បីពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារដែលបានសម្រេចរយៈពេលមួយឆ្នាំកន្លងមក ហើយធៀបជាមួយផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពឆ្នាំ២០២៥ ដើម្បីរកឲ្យឃើញថា តើយើងនៅមានអ្វីសេសសល់ និងអ្វីជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា ក្រៅពីនេះ យើងក៏ចង់បានផងដែរនូវធាតុចូលពីឯកឧត្តម លោកជំទាវ លោក លោកស្រីសម្រាប់ដាក់បញ្ចូលទៅក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាខាងមុខនេះ។

លោក វ៉ាត់ ចំរើន បានលើកឡើងនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាស លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិស្ប៉េស្បាលអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រី នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធដោយមានការអញ្ជើញចូលរួមពិធីបើកសិក្ខាសាលបូកសរុបកាឆរងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំសិក្សា២០២៤-២០២៥ និងលើទិសសៅឆ្នាំសិក្សា២០២៥-២០២៦ នៅភោជនីយដ្ឋាន ទន្លេបាសាក់។

លោករដ្ឋលេខាធិការក្រសួងអប់រំ បានបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងមកនេះ អនុវិស័យអប់រំកាយ និងកីឡាបានសម្រេចលទ្ធផលមួយចំនួនដូចជា ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ការប្រកួតកីឡាតាមសហព័ន្ធជាតិ ការប្រកួតកីឡាលក្ខណៈអន្តរជាតិ ក្នុងប្រទេស និងក្រៅប្រទេស ការលើកកម្ពស់កីឡាករ ការលើកកម្ពស់សម្មភាពរៀននិងបង្រៀនអប់រំកាយក្នុងម៉ោងសិក្សា ២ម៉ោងក្នុងមួយសប្តាហ៍ និងហ្វឹកហាត់កីឡានៅក្រៅម៉ោងសិក្សា ការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកាយ និងកីឡា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តកីឡា ការរៀបចំទិវាកីឡាអាស៊ាន និងកីឡាដើម្បីទាំងអស់គ្នា ការផ្តល់ថវិកា គាំទ្រដល់សហព័ន្ធជាតិចំនួន៥១ ការបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា និងការកសាងលិខិតបទដ្ឋានផ្សេងៗសម្រាប់វិស័យអប់រំកាយ និងកីឡា។ ទាំងនេះជាគួរមោទនៈសម្រាប់យើងទាំងអស់គ្នាដែលជាថ្នាក់ដឹកនាំមន្ត្រីកីឡា និងអ្នកចូលរួមលើកស្ទួយវិស័យកីឡាទាំងអស់។

ដើម្បោះការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ និងពន្លឿនការអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ក្រសួងអប់រំ យុវជន និងកីឡាសំណូមពរដល់អង្គការរដ្ឋ និងអង្គការសង្គមកីឡា អង្គការដៃគូ និងអង្គការឯកជនឱ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងលទ្ធភាពបំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ជាពិសេស សមាជិក សមាជិកា នៃកិច្ចប្រជុំបូកសរុបការងារអនុវិស័យ អប់រំកាយ និងកីឡាផ្តល់ធាតុចូលលើប្រធានបទទាំងពីរ សម្រាប់ដាក់ក្នុងសន្និបាតអប់រំ យុវជន និងកីឡានាពេលខាងមុខ និងដាក់ចេញជាទិសដៅសម្រាប់អនុវត្តឆ្នាំ២០២៦។ ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់វិស័យឯកជន សប្បុរសជន និងប្រជាជនចូលរួមឧបត្ថម្ភគាំទ្រជាស្មារតី សម្ភារ ឬថវិកា ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង៕

ដោយ៖លី ភីលីព

Most Popular

To Top