កីឡា

លោក ស៊ុន ចាន់ថុល ជួបសំណោះសំណាល់ និងផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក និងអត្តពលិកហែលទឹកមុនចេញទៅប្រកួតកីឡា SEA Games 33 នៅថៃ

ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលជួបសម្តែងគួរសមផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិនៃប្រកួតកីឡាហែលទឹកពាក់ជើងទា (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី និងជួបសម្តែងគួរសមផ្តល់កម្លាំងចិត្ត អនុសាសន៍ណែនាំ និងអំណោយលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិចេញធ្វើដំណើរទៅចូលរួមការប្រកួតកីឡា SEA Games 33 ឆ្នាំ២០២៥ នៅប្រទេសថៃ។

ជំនួបនេះ មានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោកឧកញ៉ា ជា ហ៊ុយ អគ្គនាយកក្រុមហ៊ុន អិនស៊ីអិច ហុងដា ព្រមទាំងថ្នាក់ដឹកនាំ ក.អ.ក និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផ្សេងទៀត។

លទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករ កីឡាការិនី បាននាំឲ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងមេដាយព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia Championship Finswimming Indoor) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅហ្សារកាតា ប្រទេសឥណ្ឌូណេស៊ី ទទួលបានមេដាយសរុបចំនួន ១០គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៦គ្រឿង។

ដោយឡែកចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ លើប្រភេទវិញ្ញាសារកីឡាហែលទឹក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូចំនួន ៩រូបចូលរួម រួមមាន គ្រូបង្វឹក ១រូប គ្រូជំនួយ ១រូប កីឡាករ ៤ រូប កីឡាការិនី ២រូប និងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ ត្រូវបានអញ្ជើញទៅចូលរួមជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ។

លោកឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកីឡាករ-កីឡាការិនីដែលបានតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ ពីការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗកន្លងទៅ។ លោកបានគូសបញ្ជាក់ថា រង្វាន់ជាថវិកាដ៏សប្បុរសនេះ ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធ ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗកីឡាករ ដែលបានធ្វើឱ្យទង់ជាតិកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ លោកបានរំលឹកដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ថា ក្មួយៗទាំងអស់គ្នាមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។ លោកបានជំរុញឲ្យកីឡាករទាំងអស់រក្សាបាននូវស្មារតីស្នេហាជាតិខ្ពស់បំផុត ចូលរួមប្រកួតដោយសេចក្តីថ្លៃថ្នូរ និងគោរពវិន័យកីឡាឲ្យបានម៉ឺងម៉ាត់ ត្រូវស្តាប់និងអនុវត្តតាមដំបូន្មានរបស់គ្រូបង្វឹកឲ្យបានគ្រប់ជ្រុងជ្រោយ៕

ដោយ៖លី ភីលីត

Most Popular

To Top