កីឡា

សហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រកាសរៀបចំការប្រកួតកីឡាចំបាប់ សម័យ-បុរាណ ជ្រើសរើសជើងឯកថា្នក់ជាតិប្រចាំ ឆ្នាំ២០២៥

ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដល់ក្លឹបសមាគម ក្លឹបកីឡាចំបាប់ ក្រសួង មន្ទីរ រាជធានីភ្នំពេញ ក្រោមការប្រើប្រស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា និងតាមផែនការសកម្មភាពប្រចាំឆ្នាំ សហព័ន្ធ កីឡាចំបាប់កម្ពុជាបាន។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះយោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW) សហព័ន្ធកីឡាចំបាប់កម្ពុជាបានបែងចែក និងវិញ្ញាសារួមមានចំបាប់សម័យក្នុងនោះប្រភេទវិញ្ញាសាចំបាប់សេរី បុរស៖ប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម ប្រភេទទម្ងន់ក្រោម ៧៤គីឡូក្រាម និងប្រភេទទម្ងន់សេរី ៨៦ គីឡូក្រាមឡើងទៅ។

ចំណែកប្រភេទវិញ្ញាសាចំបាប់សេរី ស្ត្រី៖ ប្រភេទទម្ងន់ក្រោម ៥៣ គីឡូក្រាម និងប្រភេទទម្ងន់ក្រោមសេរី ៥៥ គីឡូក្រាមឡើងទៅ។

ប្រភេទវិញ្ញាសាចំបាប់ក្រិចកូរ៉ូម៉ាំង៖ប្រភេទទម្ងន់សេរី ៨៧ គីឡូក្រាមឡើងទៅ
លក្ខខណ្ឌតម្រូវ ៖កីឡាករ កីឡាការិនីហ្វឹកហាត់កីឡាចំបាប់សម័យទាំងអស់គ្រប់ក្លឹប មានសិទ្ធិចូលរួមប្រកួត ។ ការកម្រិតអាយុអនុលោមភាពតាមសហព័ន្ធកីឡាចំបាប់ពិភពលោក ។ កីឡាករ-កីឡាការិនីចំបាប់មានចំនួនតិច អនុញ្ញាតឲ្យក្លឹប សមាគមទាំងអស់មានសិទ្ធិចុះឈ្មោះ តាមលទ្ធភាព ដែលមានក្នុងប្រភេទវិញ្ញាសាបានចែងខាងលើ ។ មិនអនុញ្ញាតឲ្យកីឡាករ កីឡាការិនីចំបាប់បុរាណចុះឈ្មោះប្រកួតកីឡាចំបាប់សម័យឡើយ ។ កីឡាករ-កីឡាការិនីម្នាក់ អាចប្រកួតបានតែពីរប្រភេទទម្ងន់តែប៉ុណ្ណោះ ។

២.ចំបាប់បុរាណខ្មែរ ប្រភេទវិញ្ញាសា៖ចំបាប់បុរាណ បុរស ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៧០ គីឡូក្រាមឡើងទៅ។ ចំបាប់បុរាណស្រ្តី៖ប្រភេទទម្ងន់សេរី ៥០ គីឡូក្រាមឡើងទៅ។ លក្ខខណ្ឌតម្រូវ៖កីឡាករ-កីឡាការិនីដែលចូលរួមប្រកួតចំបាប់បុរាណត្រូវមានកាយសម្បទាមាំមួន និងសុខភាពបរិបូរណ៍ ។ កីឡាករ-កីឡាការិនី ម្នាក់មានសិទ្ធប្រកួតតែមួយប្រភេទទម្ងន់តែប៉ុណ្ណោះ ។

ក្លឹបមកពីបណ្តាខេត្ត មានសិទ្ធដាក់កីឡាករ កីឡាការិនី តែម្នាក់ប៉ុណ្ណោះក្នុងមួយប្រភេទទម្ងន់ ។ អតីតកីឡាករ កីឡាការិនីជម្រើសជាតិ មិនអាចចូលរួមប្រកួតវិញ្ញាសាចំបាប់បុរាណបានទេ ហើយក្លឹប-សមាគមកីឡាចំបាប់បុរាណទាំងអស់អាចចុះឈ្មោះកីឡាករ-កីឡាការិនីតែម្នាក់ប៉ុណ្ណោះក្នុង១ប្រភេទទម្ងន់
ចំណែកចំបាប់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រភេទវិញ្ញាសា៖ចំបាប់សម័យ កុមារា ប្រភេទទម្ងន់ក្រោម ៣៩ គីឡូក្រាម និងប្រភេទទម្ងន់សេរី ៤៥ គីឡូក្រាមឡើងទៅ និងចំបាប់សម័យ កុមារី ប្រភេទទម្ងន់ក្រោម ៤២ គីឡូក្រាម។លក្ខខណ្ឌតម្រូវ ៖កីឡាករ-កីឡាការិនីដែលចូលរួមប្រកួតចំបាប់សម័យត្រូវមានកាយសម្បទាមាំមួន និងសុខភាពបរិបូរណ៍ ។

កីឡាករ-កីឡាការិនី ម្នាក់មានសិទ្ធប្រកួតតែមួយប្រភេទទម្ងន់តែប៉ុណ្ណោះ ។ក្លឹបមកពីបណ្តាខេត្ត មានសិទ្ធដាក់កីឡាករ-កីឡាការិនី តែម្នាក់ប៉ុណ្ណោះក្នុងមួយប្រភេទទម្ងន់ ។ កីឡាករ- កីឡាការិនី ដែលចូលរួមប្រកួតត្រូវមានអាយុក្រោម ១៥ឆ្នាំ (កើតឆ្នាំ២០១០) ។ កីឡាករ-កីឡាការិនី ត្រូវយកសំបុត្រកំណើតមកផ្ទៀងផ្ទាត់ពេលថ្លឹងទម្ងន់៕

Most Popular

To Top