កីឡា

ឧកញ៉ា គង់ រិទ្ធីជព្វ បន្តដឹកនាំសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា អាណត្តិទី៥ ឆ្នាំ ២០២៥-២០២៩

ភ្នំពេញ ៖ ឧកញ៉ា គង់ រិទ្ធីជព្វ បន្តដឹកនាំសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិទី៥ ឆ្នាំ ២០២៥-២០២៩ បន្ទាប់ពីគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា អាណត្តិចាស់ សម្រេចចិត្តបោះឆ្នោត ជ្រើសរើសរូបលោកប្រធាន សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បន្តទៀតក្នុងមហាសន្និបាត សហព័ន្ធបញ្ចប់អាណត្តិទី៤ ឆ្នាំ ២០២១-២០២៥ និងបន្តអាណត្តិទី៥ ឆ្នាំ ២០២៥-២០២៩ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសមហាសន្និបាត សហព័ន្ធនេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ឧកញ៉ា គង់ រិទ្ធីជព្វ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាអាណត្តិទី ៤ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា និងអ្នកតំណាងក្លិបកីឡាទ្រីយ៉ាត្លុងទំាងអស់ ។

លោក ងិន សុខបញ្ញា អគ្គលេខាធិការ បានប្រាប់ឲ្យដឹងថា រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ និងឈ្នះមេដាយមាស២គ្រឿង ប្រាក់១គ្រឿង ដោយ NOCC និង CAMSOC កំណត់ទិសដៅឱ្យទ្រីយ៉ាត្លុងឈ្នះមេដាយត្រឹម១ ។ មេដាយមាស ១គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុងកម្មវិធី Africa Cup ២០២៤ និងឈ្នះមេដាយមាស ៤គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង ក្នុងការប្រកួត Ho Chi Ming City Triathlon Championship ២០២៥ ។ សហព័ន្ធបានបញ្ជូនអត្តពលិក ២រូប បានចូលរួមប្រកួត Asian Games លើកដំបូង នៅប្រទេសជប៉ុន និងអត្តពលិក ១នាក់ បានប្រកួតជម្រុះជាប់ទៅប្រកួត World Games លើកដំបូង នៅប្រទេសចិន។

លោកអគ្គលេខាធិការ បានបន្តថា ចំណែកចំណុចខ្សោយរួមមានខ្វះខាតសម្ភារៈហ្វឹកហាត់ ប្រកួត និងសម្ភារៈរៀបចំការ ប្រកួតតាមលក្ខណៈស្តង់ដារអន្តរជាតិ ពុំទាន់មានក្លឹប សមាគមច្រើន តាមបណ្តាខេត្ត និងមិនទាន់ឈ្នះ បានមេដាយក្នុង ការប្រកួត Asian Games ។ លោកបានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា បន្តការគាំទ្រថវិកាប្រចាំឆ្នាំបន្តទៀត បន្ថែមចំនួនប្រមូលផ្តុំជម្រើសជាតិ ព្រមទាំងស្នើដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានវគ្គបណ្តុះបណ្តាលបន្ថែមទៀត ។ ស្នើសុំដល់គ្រូបង្វឹក អត្តពលិកបន្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីឈ្នះមេដាយកាន់តែច្រើន និងស្នើដល់វិស័យឯកជនជួយបន្តគាំទ្រវិស័យកីឡាបន្ថែមទៀត។

គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាអាណត្តិទី៥ឆ្នាំ ២០២៥-២០២៩ រួមមាន ឧកញ៉ា គង់ រិទ្ធីជព្វ ប្រធាន លោកស្រី ម៉ក់ វណ្ណស៊ីថា លោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី លោកស្រី បេង ប៊ុននេត អនុប្រធាន លោក ងិន សុខបញ្ញា អគ្គលេខាធិការ លោក មាស សារ៉េត អគ្គលេខាធិការរង កញ្ញា កាង ណុចបវរ អគ្គហេរញ្ញិក កញ្ញា ញ៉ែម សុភា និងលោក សូ រ៉ាន់ឌីណូ សមាជិក៕

Most Popular

To Top