កីឡា

លោក តែម ម៉ឺន ៖អត្តពលិកទទួលបានមេដាយលុះត្រាហាត់ហ្វឹកហ្វឺនបានល្អ គ្រូបង្វឹកល្អកម្រិតខ្ពស់ ការប្រកួតញឹកញាប់ និងធ្វើតេស្តជ្រើសរើសឲ្យបានច្បាស់លាស់ចំគោលដៅ

ភ្នំពេញ៖សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបើកកិច្ចប្រជុំការងារជាមួយអ្នកជំនាញនៃសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិក្នុងគម្រោង ( សាមគ្គីអូឡាំពិកដើម្បីអភិវឌ្ឍន៍គម្រោងប្រព័ន្ធកីឡាជាតិ) ធ្វើនៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិក ក្រោមអធិបតីភាពលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក យ៉ុង ជូលាវ អ្នកជំនាញកីឡាលើកទម្ងន់អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់សឹង្ហបុរី ព្រមទាំងមានការចូលរួមពីឯកឧត្តម លោក អនុប្រធាន សមាជិកគណៈប្រតិបត្តិ គ្រូបង្វឹកជាច្រើនរូបទៀត។

លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក៏សូមថ្លែងអំណរអរគុណដល់លោក យ៉ុង ជូលាវ អ្នកជំនាញកីឡាលើកទម្ងន់អន្តរជាតិ និងជាប្រធានសហព័ន្ធកីឡាលើកទម្ងន់សឹង្ហបុរី ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទី២ និងបានផ្ដល់បទឧទ្ទេសនាមចែករំលែកនូវបទពិសោធន៍ដល់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ក្នុងនាមខ្ញុំ និងមន្ត្រីជំនាញ គ្រូបង្វឹកទាំងអស់ ពិតជាទទួលបាននូវចំណេះដឹងជាច្រើនជុំវិញការគ្រប់គ្រង និងដឹកនាំសហព័ន្ធឱ្យមានការរីកចម្រើនជាបន្តទៀត។

សហព័ន្ធនឹងខិតខំប្រឹងប្រែងរកអ្នកជួយគាំទ្រផ្តល់ជាមូលនិធិ ដើម្បីជួយគាំទ្រសម្ភារៈហ្វឹកហាត់ និងជាថវិកាជួយទ្រទ្រង់ដល់បណ្ដាក្លឹបដែលជាសមាជិករបស់សហព័ន្ធ ជាពិសេសក្លឹបដែលនៅឆ្ងាយៗតាមបណ្ដាខេត្ត មានស្ថានភាពក្រីក្រ ។ សហព័ន្ធនឹងរៀបចំប្រព័ន្ធផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋទាំងនៅក្នុងនិងក្រៅប្រទេសបានទទួលព័ត៌មាន ជាការជួយគាំទ្រដល់សកម្មភាពរបស់សហព័ន្ធ។ ការផ្ដល់នូវបទពិសោធន៍ការងារ ការបណ្ដុះបណ្ដាលគ្រប់កម្រិត និងការជ្រើសរើសមន្ត្រីបច្ចេកទេសឆ្នើម ជ្រើសរើសកីឡាករ កីឡាការិនី និងការរៀបចំគ្រូបង្វឹក ដើម្បីឱ្យក្លាយទៅជាមូលដ្ឋានគ្រឹះជំរុញឱ្យកីឡាករ កីឡាការិនីរបស់យើងទទួលបានមេដាយក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

លោកប្រធានបានបន្ថែមថា សហព័ន្ធខិតខំប្រឹងជំរុញឲ្យកីឡាករ-កីឡាការិនី ទទួលបាននូវគុណផលខ្ពស់ក្នុងពេលប្រកួត ព្រោះកីឡាករ កីឡាការិនី ដែលទទួលមេដាយបាន គឺផ្ដើមចេញពីការហាត់ហ្វឹកហ្វឺនល្អ មានគ្រូល្អកម្រិតខ្ពស់ និងចូលរួមប្រកួតឱ្យបានញឹកញាប់ និងមានការធ្វើតេស្តជ្រើសរើសឲ្យបានច្បាស់លាស់ឲ្យចំគោលដៅ ។ ការពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងរបស់សហព័ន្ធ សហការល្អ ទំនាក់ទំនងល្អជាមួយនឹងបណ្ដាក្លឹបដែលជាសមាជិករបស់សហព័ន្ធ ជាពិសេសបណ្ដាក្លឹបដែលនៅឆ្ងាយពីរាជធានីភ្នំពេញដែលមានការខ្វះខាត។

គោលការណ៍ស្មារតីទាំងអស់នេះ គឺមានសារៈសំខាន់ដែលជាកត្តាជំរុញតែមួយគត់ដែលធ្វើឲ្យសហព័ន្ធមានការរីកចម្រើនតាមគោលការណ៍របស់រាជរដ្ឋាភិបាលក៏ដូចជាសហព័ន្ធអន្តរជាតិចង់បាន។
លោកប្រធានសហព័ន្ធបានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់លោក យ៉ុង ជូលាវ ពិតជាមានការហត់នឿយជាងមុន ដោយសារតែលោកធ្វើដំណើរទៅតាមបណ្ដាខេត្តឆ្ងាយៗរហូតដល់ខេត្តតាមព្រំដែនកម្ពុជាខេត្តបាត់ដំបង និងបានទៅទស្សនកិច្ចនៅខេត្តសៀមរាបអង្គរវត្តដែលជាតំបន់ទេសចរណ៍របស់កម្ពុជា។

យោងតាមស្មារតីនៃការផ្ដល់បទពិសោធន៍ខាងលើនេះ ជាសេចក្តីសង្ខេបសម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា យើងខ្ញុំរួមជាមួយក្រុមការងារទាំងអស់ បានជំរុញឱ្យក្លាយជាការប្តេជ្ញាចិត្តមួយដ៏ធំធេងដើម្បីនាំយកនូវទ្រឹស្ដី ក៏ដូចជាបទពិសោធន៍ទាំងឡាយដែលលោកបានផ្ដល់ឱ្យនេះ ក្លាយទៅជាការពិតជាក់ស្ដែងជាបន្តបន្ទាប់ក្នុងពេលខាងមុខនេះ ជាពិសេសចាប់ពីឆ្នាំ២០២៦នេះទៅ មានព្រឹត្តិការណ៍ប្រកួតជាច្រើន និងខិតខំប្រឹងប្រែងធ្វើយ៉ាងម៉េចដើម្បីឱ្យអត្តពលឹករបស់យើងធ្វើការប្រកួតទទួលបានមេដាយ នេះជាការប្ដេជ្ញាចិត្តរបស់សហព័ន្ធយើង។

ជាចុងក្រោយនេះ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធលើកទម្ងន់កម្ពុជា ក៏សូមសំណូមពរមួយចំនួនដល់លោក យ៉ុង ជូលាវ ប្រធានសហព័ន្ធកីឡាលើកទម្ងន់សិង្ហបុរី សុំជួយផ្ដល់ឯកសារដែលមានសារៈសំខាន់ដល់ការងារគ្រប់គ្រង និងរចនាសម្ព័ន្ធដឹកនាំរដ្ឋបាល ហិរញ្ញវត្ថុ និងឯកសារពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេសគ្រប់កម្រិត បណ្ដុះបណ្ដាលគ្រូបង្វឹក និងកីឡាករ កីឡាការិនី ជាពិសេសឯកសារសំខាន់ៗក្នុងព្រឹត្តិការណ៍ប្រកួតកីឡាលើកទម្ងន់អន្តរជាតិ ផ្ដល់ឲ្យគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធរៀបចំផែនការ ការងារបានល្អ ដើម្បីមានភាពរឹងមាំ និងអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើនប្រហាក់ប្រហែលជាមួយនឹងប្រទេសជិតខាងផងដែរ។ សំណូមពរដល់លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់សឹង្ហបុរី សូមជួយឧបត្ថម្ភជាសម្ភារៈដើម្បីហាត់ហ្វឹកហ្វឺន និងសម្ភារៈពាក់ព័ន្ធនឹងការប្រកួត ដោយសារប្រទេសកម្ពុជាយើងខ្ញុំ នៅមានកម្រិតទាបនៅឡើយនិងមានការខ្វះខាតច្រើន៕

ដោយ៖លី ភីលីព

Most Popular

To Top