ភ្នំពេញ៖ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡានៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុម កីឡាករ-កីឡាការិនី ចំនួន ៣ ប្រភេទកីឡា បានចាកចេញពីមាតុប្រទេសរបស់ខ្លួន ឆ្ពោះទៅកាន់ទី ក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ “SEA GAME 33” ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមជាផ្លូវការ ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ប្រភេទប្រភេទកីឡាចំនួន៣ ដែលចេញដំណើរនៅថ្ងៃចន្ទ មានកីឡាហែលទឹក ៥ នាក់ ជឺជីតស៊ូ ១៤នាក់ និងតេក្វាន់ដូ WT មាន១៤នាក់។ ចំពោះ២ប្រភេទកីឡាផ្សេងទៀតនឹងត្រូវចេញដំណើរដែរ នៅថ្ងៃចន្ទនេះដែរ គឺប្រភេទកីឡាបាល់ទាត់លើតុ មានគ្រូបង្វឹក កីឡាករ កីឡាការិនី ៨នាក់ និងកីឡាកាយសម្ព័ន្ធ ២នាក់ ។

ដោយឡែកប្រភេទកីឡាផ្សេងៗទៀត ដូចជាអត្តពលកម្ម (៩នាក់) ម៉ូតូទឹក (២នាក់) ឃីកបុកស៊ីង (៨នាក់) អេឡិចត្រូនិក (១៤នាក់) ជិះសេះ (៤នាក់) គុនដាវ (៦នាក់) ទ្រីយ៉ាត្លុង (១០នាក់) និងកាយសម្ព័ន្ធ (៦នាក់) នឹងត្រូវចាកចេញ ពីមាតុប្រទេសទៅចូលរួមប្រកួតស៊ីហ្គេម នៅថ្ងៃចាប់ពីថ្ងៃទី០៩-១៦ ខែធ្នូ ឆ្នាំ២០២៥។ សរុបប្រភេទ កីឡារបស់កម្ពុជា ចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ មានចំនួន ១២ប្រភេទកីឡា ហើយសរុបប្រតិភូ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីមានចំនួនជាង ១០០នាក់៕

