កីឡា

កីឡាតេក្វានដូ WT ក្នុងការប្រកួតកីឡា សម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ បញ្ចប់ដោយជោគជ័យ

កណ្តាល ៖ លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡា នៃនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះបានអញ្ជើញ ចូលរួមពិធីបិទការប្រកួតប្រភេទ កីឡាតេក្វានដូ WT ក្នុងការប្រកួតកីឡា សម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ដែលមានរយៈពេល ៣ ថ្ងៃ ដែលចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២៥ នៅក្រុងតាខ្មៅ ដោយការប្រកួតប្រព្រឹត្តនៅ តាមទីលានបាល់ទាត់ខេត្ត វិទ្យាល័យហ៊ុនសែន តាខ្មៅ វិទ្យាល័យ ហ៊ុនសែន សេរីភាព និងបឋមសិក្សា អនុវត្ត ជាសកម្មភាព មួយ ដើម្បីបំផុស ប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំ ដោយការិយាល័យ អប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំ ជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូល ធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន ។

វិស័យអប់រំកាយ និង កីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាព វិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យ កីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទ យ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធាន មនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀន គំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជន រួមទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើន តម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕

Most Popular

To Top