កណ្តាល ៖ រកឃើញក្រុមកីឡាករ-កីឡាការិនី ជើងខ្លាំង ផ្នែកបាល់ទាត់ឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួត កីឡា សម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ នៅទីលានបាល់ទាត់ខេត្តកណ្តាល ដែលជាសកម្មភាពមួយ ដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ក្រុមបាល់ទាត់អាយុក្រោម ១៥ ឆ្នាំបុរសរួមមាន ក្រុមបាល់ទាត់ វិទ្យាល័យ ជ័យវរ័ន្មទី៧ ក្រុមបាល់ទាត់ បក្សីក្រហម A ក្រុមបាល់ទាត់ ស្អាង យើង ស្អាត និងក្រុមបាល់ទាត់ យុវជនស្រុកកណ្តាលស្ទឹង ។ ចំពោះក្រុមបាល់ទាត់អាយុក្រោម ១៨ ឆ្នាំបុរសរួមមានក្រុមបាល់ទាត់អាយុក្រោម ១៥ ឆ្នាំបុរសរួមមាន ក្រុមបាល់ទាត់ វិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុមបាល់ទាត់ សាលាបញ្ញាវ័ន្ត ក្រុមបាល់ទាត់ KK FC និងក្រុមបាល់ទាត់ SCV Football Academy។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។
វិស័យអប់រំកាយ និង កីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែ ទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាព វិស័យអប់រំ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារ ភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធាន មនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូ ស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុស សកម្មភាពហាត់ប្រាណ និងលេងកីឡា របស់ប្រជាជនរួមទាំងអភិវឌ្ឍន៍ មូលធនមនុស្សមាន គុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ៕


