កណ្តាល ៖ ក្រុមកីឡាករបាល់បោះឌឹសលីជែន និងក្រុមកីឡាការិនី បាល់បោះយុវនារីតាខ្មៅ បានគ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ នៅទីលាលបាល់បោះក្នុងវិទ្យាល័យហ៊ុនសែន តាខ្មៅដែលជាសកម្មភាពមួយ ដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំដោយ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្នុងឱកាសពិធីបិទ និងប្រគល់ជយលាភី ដល់ក្រុមក្រុមកីឡាករបាល់បោះ និងក្រុមកីឡាការិនីបាល់បោះនេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោកនាយក វិទ្យាល័យហ៊ុនសែន តាខ្មៅ និងលោក លោកស្រីអនុប្រធាន ការិយាល័យអប់រំកាយ និងកីឡា ។

ក្រុមកីឡាករបាល់បោះឌឹសលីជែនគ្រងតំណែងជើងឯក ក្រុមបាល់បោះ កាហ្វេ ១៥០០ គ្រងតំណែងជើងឯករង ក្រុមបាល់បោះ តាខ្មៅ អ៊ីនហ្វរណូ ជាប់ចំណាត់លេខ ៣ និងក្រុមកីឡាការិនីបាល់បោះយុវនារីតាខ្មៅ គ្រងតំណែងជើងឯក ក្រុមបាល់បោះ វិទ្យាល័យហ៊ុនសែន តាខ្មៅគ្រងតំណែងជើងឯករង និងក្រុមបាល់បោះ ហេបភីច័ន្ទដារ៉ា ជាប់ចំណាត់លេខ ៣ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា តាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ ទុកវិស័យអប់រំជាវិស័យ អាទិភាពទី១ ឈានឆ្ពោះទៅអភិវឌ្ឍមូល ធនមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព ភាពច្នៃប្រឌិត ស្មារតី សហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ខ្ពស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ។

វិស័យអប់រំកាយ និង កីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅ ក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាព វិស័យអប់រំ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡា ផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដា សាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡានៅក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុស សកម្មភាព ហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួម ទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕



