កីឡា

ក្រុមកីឡាករបាល់ទះ យុវជនកំពង់សំណាញ់ ដណ្តើមមេដាយមាស ក្នុងការប្រកួតកីឡា សម្រាប់ទំាងអស់គ្នាខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥

កណ្តាល ៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ យុវជនកំពង់សំណាញ់ គ្រងតំណែងជើងឯក ក្នុងការប្រកួតកីឡា សម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ នៅទីលានបាល់ទះនៅវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបានយកឈ្នះ លើគូប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ដែលជាសកម្មភាពមួយ ដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំ ដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្នុងឱកាសពិធីបិទ និងប្រគល់មេដាយជូនក្រុមកីឡាករបាល់ទះ នេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោកលោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាតំណាងឲ្យ ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល លោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុនសែន សេរីភាព និងលោក លោកស្រីអនុប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

ក្រុមកីឡាករបាល់ទះ យុវជនកំពង់សំណាញ់ គ្រងតំណែងជើងឯក បន្ទាប់ពីបានយកឈ្នះលើក្រុមកីឡាករបាល់ទះ បក្សីឆ្លងដែន ក្នុងលទ្ធផល ៣ ទល់នឹង ១ ហើយជ័យជម្នះធ្វើឲ្យក្រុមកីឡាករបាល់ទះ បក្សីឆ្លងដែនទទួលបានមេដាយប្រាក់ ។ ក្រុមកីឡាករបាល់ទះ វិទ្យាល័យ តាខ្មៅទទួលបានមេដាយសំរិទ្ធ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការសកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំង អភិវឌ្ឍន៍មូលធនមនុស្សមាន គុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ៕

Most Popular

To Top