ភ្នំពេញ ៖ ក្លឹបកីឡាបាល់បោះរទេះជនពិការ អង្គរជ័យ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស បន្ទាប់ពីក្លឹបកីឡា បាល់បោះរទេះជនពិការ ឃ្មុំមាសកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ នៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួតជ្រើសរើសជើងឯក បាល់បោះរទេះ ឆ្នាំ២០២៥ដើម្បីអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី ៤៣ ក្រោមប្រធានបទ “បរិយាបន្នពិការ ភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ អភិឌ្ឍភាពសង្គម” ការប្រកួតនេះរៀបចំ ដោយសហព័ន្ធ កីឡាបាល់បោះរទេះជនពិការកម្ពុជា បានសហការជាមួយសហព័ន្ធកីឡាបាល់បោះកម្ពុជា ។

ក្នុងឱកាសពិធីបិទ និង ប្រគល់មេដាយ ជូនក្រុមកីឡាបាល់បោះរទេះជនពិការ ក្នុងការប្រកួតជ្រើសរើសជើងឯក បាល់បោះរទេះ ឆ្នាំ២០២៥ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននៃពហុកីឡាដ្ឋានជាតិអូឡាំពិក លោក សន សុផល អគ្គនាយកស្តារសម្បទាតំណាងឲ្យលោក ជា សុមេធា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយិទ្ធជន និងយុវនីតិសម្បទា លោក ដួង មាសចំរើន តំណាងក្រសួងអប់រំ យុវជន និងកីឡា អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡា បាល់បោះរទេះជនពិការកម្ពុជា លោកជំទាវ ម៉ែន នារីវុឌ្ឍី ប្រធានកិត្តិយសសហព័ន្ធ កីឡាបាល់បោះរទេះជនជិការកម្ពុជា និងលោក លោកស្រី តំណាងអគ្គរាជ អគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ភ្ញៀវកិត្តិយជាតិ និងអន្តរជាតិ ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា ក្លឹបកីឡាបាល់បោះរទេះជនពិការ អង្គរជ័យ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ក្លឹបកីឡាបាល់បោះរទេះ ជនពិការឃ្មុំមាសកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ ទទួលបានមេដាយប្រាក់ និងក្លឹប កីឡាបាល់បោះរទេះជនពិការកុលាបបាត់ដំបង ខេត្តបាត់ដំបងទទួលបានមេដាយសំរិទ្ធ។ ការប្រកួតរយៈពេល៣ថ្ងៃកន្លងមកនេះ មានក្លឹបចូលរួមចំនួន៦ រួមមានក្លឹបកុលាបបាត់ដំបង មកពីខេត្តបាត់ដំបង ក្លឹបអារ៉ូពេ មកពីខេត្តបាត់ដំបង ក្លឹបឥន្ទ្រីសៀមរាប មកពីខេត្តសៀមរាប ក្លឹបអោម៉ាល់មានរិទ្ធ មកពីខេត្តបន្ទាយមានជ័យ ក្លឹបឃ្មុំមាសកំពង់ស្ពឺ មកពីខេត្តកំពង់ស្ពឺ និងក្លឹបអង្គរជ័យ មកពីខេត្តកណ្តាល .ការប្រកួតនេះមានកីឡាករ និងកីឡាការីនី សរុបចំនួន ៥៨រូប ក្នុងនោះកីឡាករចំនួន ២៧រូប និងកីឡាការនីចំនួន ៣១រូប គ្រូបង្វឹក គ្រូជំនួយ ចំនួន១២ រូបស្រី ២រូប ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត បានបញ្ជាក់ថា ការប្រកួតនេះ យករូបមន្តវិលជុំមួយជុំ ដោយចែកចេញជា២ពូល ក្នុងមួយពូលមាន៣ក្រុម ដោយជ្រើសរើស យកក្រុម មានពិន្ទុខ្ពស់ជាងគេចំនួន ២ក្រុមក្នុងមួយពូលនីមួយៗ ទៅប្រកួតវគ្គជម្រុះ៤ក្រុមទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត និងផ្តាច់សរុប ១០ប្រកួត ។ ឆ្លងកាត់ការប្រកួតដោយស្មារតី យកចិត្តទុកដាក់ ខិតខំប្រឹងប្រែង អស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតីសាមគ្គីភាព ព្រមទាំងអនុវត្តបានតាមគោលការណ៍ លេងដោយយុត្តិធម៌ Fair Play ផងនោះ៕


