ភ្នំពេញ ៖ អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់ បោះរទេះជនពិការកម្ពុជា បានមានប្រសាសន៍ថា កីឡាបាល់បោះរទេះជនពិការនេះ ភាគច្រើនមិនសូវមានមហាជន ចាប់អារម្មណ៍នោះឡើយ ប៉ុន្តែប្រភេទកីឡាមួយនេះ តែងតែទទួលបានមេដាយច្រើន ពីការប្រកួតកម្រិតអន្តរជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ លើឆាកអន្តរជាតិ ជាច្រើនថែមទៀតផង ។

អ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េតបានលើកឡើងក្នុងពិធីបិទ ការប្រកួតជ្រើសរើសជើងឯកបាល់បោះរទេះ ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺននៃពហុកីឡាដ្ឋានជាតិអូឡាំពិកអញ្ជើញចូលរួមលោក សន សុផល អគ្គនាយកស្តារសម្បទាតំណាងឲ្យលោក ជា សុមេធា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយិទ្ធជន និងយុវនីតិសម្បទា លោក ដួង មាសចំរើន អគ្គនាយករងតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានកិត្តិយសសហព័ន្ធកីឡាបាល់ បោះរទេះជនជិការកម្ពុជា ។

អ្នកម្នាងប្រធាន សហព័ន្ធកីឡាបាល់បោះ រទេះជនពិការកម្ពុជាបានបន្តថា ការរៀបចំការប្រកួតនេះ បានប្រព្រឹត្តទៅ ដោយរលូន គឺអាស្រ័យលើការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មការអន្តរជាតិនៃកាកបាទក្រហម (ICRC) សហព័ន្ធកីឡាបាល់បោះ ក្រុមហ៊ុនជីបម៉ុង និងសប្បុរសជននានា ក្នុងការរៀបចំប្រព្រឹត្តការណ៍ប្រកួតជ្រើស រើសជើងឯកបាល់បោះរទេះ ឆ្នាំ២០២៥ ។

ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណជូន ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា គណៈកម្មការអន្តរជាតិនៃកាកបាទក្រហម (ICRC) ក្រុមហ៊ុនជីបម៉ុង និងសប្បុរសជននានា ដែលបានឧបត្ថម្ភគាំទ្រជាថវិកា សម្ភារ និងបច្ចេកទេសដល់សហព័ន្ធ ក្នុងការរៀបចំប្រព្រឹត្តការណ៍ ខាងលើបានដោយជោគជ័យ ។ នាងខ្ញុំសូមគោរពជូនពរលោក គួច ចំរើន អភិបាលខេត្តកណ្តាល ដែលបានឧបត្ថម្ភថវិកាដល់សហព័ន្ធ ។

ការប្រកួតរយៈពេល៣ថ្ងៃកន្លងមកនេះ មានក្លឹបចូលរួមចំនួន៦ រួមមានក្លឹបកុលាបបាត់ដំបង មកពីខេត្តបាត់ដំបង ក្លឹបអារ៉ូពេ មកពីខេត្តបាត់ដំបង ក្លឹបឥន្ទ្រីសៀមរាប មកពីខេត្តសៀមរាប ក្លឹបអោម៉ាល់មានរិទ្ធ មកពីខេត្តបន្ទាយមានជ័យ ក្លឹបឃ្មុំមាសកំពង់ស្ពឺ មកពីខេត្តកំពង់ស្ពឺ និងក្លឹបអង្គរជ័យ មកពីខេត្តកណ្តាល .ការប្រកួតនេះមានកីឡាករ និងកីឡាការីនី សរុបចំនួន ៥៨រូប ក្នុងនោះកីឡាករចំនួន ២៧រូប និងកីឡាការនីចំនួន ៣១រូប គ្រូបង្វឹក គ្រូជំនួយ ចំនួន១២ រូបស្រី ២រូប៕





