កណ្តាល ៖ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និង យុវជន-យុវនារីចំនួន ៣១ ក្រុម បានចូលរួមការប្រកួតកីឡា សម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ដែលធ្វើការប្រកួតនៅតាមទីលានប៉េតង់ចំនួនក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាសកម្មភាពមួយដើម្បីបំផុសប្រជាពលរដ្ឋលេងកីឡា ការប្រកួតរៀបចំដោយការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនីប៉េតង់វ័យចាស់ និងយុវជន-យុវនារីចំនួន ៣១ ក្រុម ក្នុងនោះក្រុមកីឡាករប៉េតង់វ័យចាស់មានចំនួន ២២ ក្រុម និងក្រុមកីឡាករ-កីឡាការិនីប៉េតង់យុវជន-យុវនារីចំនួន ៩ ក្រុម ដែលធ្វើការប្រកួតនៅទីលានប៉េតង់ចំនួន ៣ រួមមានទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន សេរីភាព ទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន តាខ្មៅ និងទីលានប៉េតង់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ចំពោះក្រុមកីឡាករប៉េតង់វ័យចាស់មានចំនួន ២២ ក្រុមត្រូវប្រកួតនៅទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន សេរីភាព និងទីលានប៉េតង់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។ ចំណែកក្រុមកីឡាករ-កីឡាការិនីប៉េតង់យុវជន-យុវនារីចំនួន ៩ ក្រុម ប្រកួតនៅទីលានប៉េតង់វិទ្យាល័យ ហ៊ុនសែន តាខ្មៅ។
លោក ពៅ វណ្ណា បានបញ្ជាក់ថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់វិស័យកីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ផ្តោតទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការ សកម្មភាពស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំងអភិវឌ្ឍន៍មូលធនមនុស្ស មានគុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ ៕








