កីឡា

ព្រឹត្តិការណ៍ការរត់ដើម្បីមិត្តភាព គុយបា–កម្ពុជា ដើម្បីអបអរសាទរ ខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាង ប្រទេស គុយបា និង ប្រទេស កម្ពុជា (១៩៦០- ២០២៥)

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ការរត់ដើម្បីមិត្តភាព គុយបា–កម្ពុជាដើម្បីអបអរសាទរ ខួបលើកទី ៦៥ នៃទំនាក់ទំនងការទូត រវាង ប្រទេស គុយបា និង ប្រទេស កម្ពុជា(១៩៦០- ២០២៥) ដែលរៀបចំដោយស្ថានទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន និងបណ្តាអង្គទូតប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។

ព្រឹត្តិការណ៍ការរត់ដើម្បីមិត្តភាព គុយបា–កម្ពុជា ប្រារព្ធឡើង ដើម្បីរឹតចំណងមិត្តភាព កីឡា និងសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ក្រោមប្រធានបទ “VLK គាំទ្រ កីឡា មិត្តភាពដើម្បីសន្តិភាព” ដែលជាសញ្ញានៃមិត្តភាពដ៏ជិតស្និទ្ធ និងការចែករម្លែកតម្លៃវប្បធម៌ កីឡា និងសន្តិភាពរវាងប្រជាជនទាំងពីរប្រទេស។ ព្រឹត្តិការណ៍ការរត់ដើម្បីមិត្តភាព គុយបា–កម្ពុជាមានអ្នកចូលរួមរត់ចំនួន ១០០ នាក់ដែលត្រូវរត់ចម្ងាយ ២០០០ ម៉ែត្រនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងរូបលោកផ្ទាល់បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកស្រី Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីជាសក្ខីភាព ភាពជាដៃគូដ៏រឹងមាំរវាងគុយបា និងកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការចូលរួមរបស់សហគមន៍ឲ្យចេះស្រឡាញ់កីឡា និងស្រលាញ់ការពារសន្តិភាព៕

ដោយ៖លី ភីលីព

Most Popular

To Top