កីឡា

ការិយាល័យអប់រំកាយ និងកីឡា នាំយកគ្រឿងបរិភោគ ទឹក និង សម្លៀកបំពាក់ និងថវិកា ដើម្បីជួយដល់ ជនភៀសសឹក ត្រូវបានជម្លៀសខ្លួន នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ

កណ្តាល ៖ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និង កីឡាខេត្តកណ្តាលគៀងគ្រង និងប្រមូលថវិកា ការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ដើម្បីប្រមូលមូលនិធី ដើម្បីជួយដល់ជនភៀសសឹក ត្រូវបានជម្លៀសខ្លួន មកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ ។

លោក ពៅ វណ្ណា ប្រធានការិយាល័យ អប់រំកាយ និងកីឡា បាននិយាយថា ថ្ងៃនេះការិយាល័យអប់រំកាយ និងកីឡាបាននាំ យកគ្រឿងបរិភោគ ទឹក និងសម្លៀកបំពាក់ និងថវិកាជូនដល់លោក ចេង សំអុល មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដើម្បីជូនដល់ជនភៀសសឹកត្រូវបានជម្លៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបូរណភាពទឹកដី ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានថៃ ដោយស្មារតីស្នេហាជាតិមាតុភូមិ ។

លោក ប្រធានការិយាល័យ អប់រំកាយ និងកីឡាបានបន្តថា គ្រឿងបរិភោគ ទឹក និងសម្លៀកបំពាក់ និងថវិកាទំាងនេះបាន គៀងគ្រង និងប្រមូលពីក្រុមកីឡាករ-កីឡាការិនី យុវជន យុវនារី និងក្រុមកីឡាវ័យចាស់ ដែលបានចូលរួមការប្រកួត កីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ។

លោក ពៅ វណ្ណា បានបញ្ជាក់ថា វិស័យអប់រំកាយ និងកីឡា ជាវិស័យដ៏ចម្បងមួយដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បាននឹង កំពុងយក ចិត្តទុកដាក់យ៉ាងខ្លាំង ជាពិសេសនៅក្នុងកំណែទម្រង់យុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ មុំទី១ ការពង្រឹងគុណភាព វិស័យអប់រំ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដែល ក្នុងនោះមុំទី៧ ការលើកកម្ពស់ វិស័យ កីឡាផ្សារភ្ជាប់និងការអប់រំ និងការបន្តជំរុញចលនា “យុវជនម្នាក់ ចេះលេងកីឡាមួយ ប្រភេទយ៉ាងតិចប្រចាំជីវិត” ។

ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍ ធនធានមនុស្សផ្តោត ទៅលើការសិក្សារបស់សិស្ស ផ្តោតលើការអនុវត្តផែនការ សកម្មភាព ស្តង់ដាសាលារៀនគំរូស្តីពីការអប់រំកាយ និងកីឡាក្នុងម៉ោងសិក្សា និងកីឡា ក្រៅម៉ោងសិក្សា ការបំផុសសកម្មភាពហាត់ប្រាណ និងលេងកីឡារបស់ប្រជាជនរួមទាំង អភិវឌ្ឍន៍មូលធនមនុស្សមាន គុណភាពខ្ពស់ និងសុខភាពល្អគឺជាទ្រព្យសកម្មដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋកិច្ចឆ្ពោះទៅរកការអភិវឌ្ឍ ប្រទេសជាតិ៕

Most Popular

To Top