ភ្នំពេញ ៖ សមាគមកីឡាក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ចំនួន ៧ គ្រឿង ខណៈសមាគមកីឡាក្រសួង សមាគមកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានត្រឹម ៥ គ្រឿង ក្នុងការប្រកួតកីឡាកីឡារាំ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលរៀបចំ ដោយសហព័ន្ធកីឡារាំកម្ពុជា ក្រោមការប្រើប្រាស់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ២០២៥ ។

ក្នុងឱកាសពិធី បិទការប្រកួតជើងឯកជាផ្លូវការ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជា លោក ផាត់ បញ្ញាសុជាតក អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាមហាជន និងកីឡាជំនាញ និងកញ្ញា កុន អេនណា ទូតសុឆន្ទះរបស់ក្រសួងកិច្ចការនារី នៅមជ្ឈមណ្ឌលសហប្រតិបត្តិកម្ពុជា-ជប៉ុន។

អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការ សហព័ន្ធ កីឡារាំកម្ពុជា បាននិយាយថា ការប្រកួត កីឡាកីឡារាំជ្រើស រើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ មានសមាគម និង ក្លិបរាំចូលរួមចំនួន ៥ នាក់ដែលមានកីឡាករ-កីឡាការិនីចំនួន ៦១ នាក់ លើវិញ្ញាសារប្រកួតរាំអន្តរជាតិ Latin Dance ( Ball room) និង Standard Dance មាន ១៥វិញ្ញាសា។ ការរៀបចំប្រកួតនេះ ក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡា អន្តរជាតិនានា នៅពេលខាងមុខ នឹងដើម្បីជំរុញ លើកទឹកចិត្ត នឹង ផ្តល់ឱកាសដល់កីឡាករ-កីឡាការីនី ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បានបញ្ចេញ នូវសមត្ថភាព ទេពកោសល្យ ភាពឆ្លាតវៃរហ័សរហួន ក្នុងបង្កើនជំនាញតិចនិច បច្ចេកទេសរាំឲ្យកាន់តែល្អប្រសើរ ជាពិសេសដើម្បីចូលរួមប្រកួត នៅលើឆាកអន្តរជាតិឈាន ទៅដណ្តើមយកមេដាយជូនជាតិមាតុភូមិនៃយើង។
ការប្រកួតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យនិងប្រកបដោយភាពស្រស់ស្រាយ សប្បាយរីករាយ មិត្តភាព និងសុវត្ថិភាព ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនភ្ញៀវកិត្តិយសអញ្ជើញ ចូលរួមគាំទ្រលើកទឹកចិត្តដល់កូន ក្មួយ កីឡាករកីឡាការិនីក្នុងការប្រកួត។សូមថ្លែងអំណរគុណចំពោះដៃគូសហការឧបត្ថម្ភ ដូចជា ក្រុមហ៊ុនវឌ្ឍនៈគ្រុប ក្រុមហ៊ុនវេសឡាញន៏គ្រុប ធនាគារអេស៊ីលីដា ធនា គារកាណាឌីយ៉ា បូឌា ចំកាត់, នំស្រួយលីលី, ទឹកបរិសុទ្ធប្រូវីដា និងសប្បុរសជនទាំងអស់ដែលបានចូលរួមឧបត្ថម្ភគាំទ្រ ដល់សហព័ន្ធកីឡារាំ កម្ពុជាក្នុងការរៀបចំនូវព្រឹត្តិការណ៍នេះឡើង។

លោកស្រី ញ៉ែម មរកត បានមានប្រសាសន៍ថា គណៈប្រតិបតិ្ត សហព័ន្ធកីឡារាំ ចៅក្រម គ្រូបង្វឹក មន្រ្តីបច្ចេកទេសទាំងអស់ ជួយរៀបចំ ដំណើរការនៃការប្រកួតនេះ ប្រកបដោយរលូននិងជោគជ័យ។ ការរៀបចំប្រកួតក្នុងគោលបំណង ត្រៀមលក្ខណៈចូលរួមប្រកួតកីឡា អន្តរជាតិនានា នៅពេលខាងមុខ និងធ្វើការផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍កីឡារាំកម្ពុជា ឲ្យដូចបណ្តាល ប្រទេសនានា បង្កើតឱកាសឲ្យយុវវ័យបង្ហាញ នូវជំនាញរាំអន្តរជាតិពិតប្រាកដ និងជំរុញលើកទឹកចិត្ត ឲ្យយុវវ័យចេះ ហ្វឹកហាត់ជាក្រុម ដើម្បីបញ្ចេញភាពស្រស់ស្អាត និងជំនាញរាំទំនើបទាន់សម័យ។

លោកប្រធានសហព័ន្ធ កីឡារាំកម្ពុជាបន្តថា បច្ចុប្បន្ននេះសហព័ន្ធកីឡារាំកម្ពុជា កំពុងស្វែងរកដៃគូឧបត្ថម្ភ សម្រាប់ធ្វើការអភិវឌ្ឍន៍កីឡារាំ ឲ្យកាន់តែមានគុណផលកាន់តែល្អប្រសើរ ។ ផ្តល់នូវកិច្ចសហការក្នុងស្មារតីកីឡាជាតិ ក្នុងគោលដៅតែមួយគឺស្វែង រកកិត្តិយសកិត្យានុភាពជាតិ និងឧត្តមភាពកីឡាជាតិក្រោមប្រធានបទ (កីឡានាំមកនូវសន្តិភាព និងអភិវឌ្ឍ) ។ ពិសេសកម្មវិធី របស់សហព័ន្ធនឹងផ្តល់ឱកាសដល់យុវជន-យុវនារីដែលមានទេពកោសល្យ និងជំនាញរាំច្បាស់លាស់ ឲ្យក្លាយជាកីឡាករ-កីឡាការិនី ជាតិរបស់សហព័ន្ធដើម្បីទទួល បានការហ្វឹកហាត់បន្ថែម ពីសហព័ន្ធជាតិនិងអន្តរជាតិ។ ការប្រកួតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងប្រកបដោយភាពស្រស់ស្អាត សប្បាយរីករាយ មិត្តភាព និងសុវត្ថិភាព ព្រមទាំងមានការគាំទ្រ ពីសំណាក់បងប្អូនប្រជាពលរដ្ឋជាច្រើន៕




