ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Thawatchai Damrong-Ongtrakul គ្រូបង្វឹកក្រុម U22 ថៃ បានលើកឡើងពីហានិភ័យ មុនការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់បុរស SEA Games លើកទី ៣៣ ទល់នឹងវៀតណាម ដោយប្រកាសថា ការប្រកួតនេះគឺជាការសាកល្បងចុងក្រោយ ដើម្បីសម្រេចក្រុមកំពូលក្នុងតំបន់។
លោក Thawatchai បាននិយាយ តាមការដកស្រង់សម្តីដោយ Khaosod ថា វាពិតជាអស្ចារ្យណាស់ ដែលបានប្រឈមមុខនឹងវៀតណាម នៅវគ្គផ្តាច់ព្រ័ត្រ ។ ខ្ញុំមានអារម្មណ៍ថា យើងនឹងប្រឈមមុខនឹងពួកគេនៅទីនេះ ហើយវាពិតជាបានក្លាយជាការពិត ខ្ញុំនៅតែសោកស្តាយ យើងមិនបានជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ASEAN U23 Championship នៅដើមឆ្នាំនេះ។ នេះជាឱកាសសម្រាប់យើងដើម្បីបញ្ជាក់ថាថៃជាក្រុមលេខមួយនៅអាស៊ីអាគ្នេយ៍។
ការប្រកួត ASEAN U23 Championship បានធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី កាលពីខែកក្កដា ថៃត្រូវបានធ្លាក់ ចេញការប្រកួត ដោយការទាត់បាល់ប៉េណាល់ទី ដោយម្ចាស់ផ្ទះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ វៀតណាម បានបន្តឈ្នះពានរង្វាន់ ជាលើកទីបីជាប់ៗ គ្នាដោយយកឈ្នះឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ។
លោក Thawatchai បានសន្មតថា ការបរាជ័យនោះ ដោយសារតែលក្ខខណ្ឌរាងកាយមិនល្អ ដោយកត់សម្គាល់ថា ការប្រកួតនេះប៉ះទង្គិច ជាមួយការប្រកួតមុនរដូវកាល Thai League។ សម្រាប់ព្រឹត្តិការណ៍ SEA Games លើកទី ៣៣ លោកទទូចថា ក្រុមនេះបានត្រៀមខ្លួន បានល្អជាងមុន បើទោះបីជាទទួលស្គាល់ថា នៅមានចំណុចខ្វះខាត សម្រាប់ការកែលម្អក៏ដោយ។
ក្រុមថៃបានកក់កៅអី របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងជ័យជម្នះ ១-០ យ៉ាងស្វិតស្វាញលើក្រុមម៉ាឡេស៊ី។ Thawatchai បានការពារលទ្ធផល ដ៏ប្រកៀកប្រកិតនេះ ទោះបីជាក្រុមរបស់លោកលេង ដោយមានប្រៀបជាងកីឡាករ ចាប់ពីនាទីទី ១៦ បន្ទាប់ពីកាតក្រហមសម្រាប់ Aiman Yusuf របស់ម៉ាឡេស៊ីក៏ដោយ។
លោកមិនមានការភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលនោះទេ ពីព្រោះម៉ាឡេស៊ីមានកម្លាំង ល្បឿន និងការតាំងចិត្ត ដោយបន្ថែមថា មិនមានក្រុមណាខ្សោយក្នុងព្រឹត្តិការណ៍បាល់ទាត់បុរស នៃព្រឹត្តិការណ៍ការប្រកួត SEA Games នេះទេ៕
