ថៃ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុម Muay Thai ជម្រើសជាតិថៃបានរិះគន់ ដោយបើកចំហ ចំពោះការងារ របស់អាជ្ញាកណ្តាលក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី ៣៣ ដោយបង្ហើបពី គម្រោងរៀបចំលទ្ធផលប្រកួត និងការរៀបចំមេដាយទុកមុន។
ការចោទប្រកាន់ទាំងនេះបានកើតចេញពីការប្រកួត វគ្គផ្តាច់ព្រ័ត្របុរសទម្ងន់ ៥៤ គីឡូក្រាមរវាងអ្នកប្រដាល់ថៃ Thongchai Huanaek និងកីឡាករ Wassof bin Rumijam របស់ម៉ាឡេស៊ីកាលពីថ្ងៃពុធ។
យោងតាមរបាយការណ៍ បាននិយាយថា កីឡាករ Huanaek ហាក់ដូចជាគ្រប់គ្រងការប្រកួត។ គាត់បានវាយសម្រុកជា បន្តបន្ទាប់នៅ ទឹកទីមួយ ប៉ុន្តែត្រូវបានផ្តល់ ពិន្ទុទាបជាង។ ទឹកទី២ កីឡាករ Huanaek បានបន្តដាក់សម្ពាធ លើអត្ថប្រយោជន៍របស់គាត់ ហើយនៅទឹកចុងក្រោយ អ្នកប្រដាល់ម៉ាឡេស៊ីរូបនេះបានបង្ហាញសញ្ញានៃរបួសជើង ខណៈកីឡាករ Huanaek នៅតែគ្រប់គ្រង ដោយទទួលបានការវាយសម្រុក ប្រកបដោយប្រសិទ្ធភាព។
ទោះបីជាយ៉ាងនេះក្តី ចៅក្រមបាន ផ្តល់ជ័យជម្នះដល់កីឡាករ Rumijam ជាមួយនឹងពិន្ទុ ២៩-២៨ បង្កឲ្យមានរលកនៃការស្រែក ហ៊ោកញ្ជ្រៀវ និងការតវ៉ាពីអ្នកទស្សនានៅកីឡដ្ឋាន Lumpinee។
ការការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវបានចាត់ទុកថា “មិនគួរឲ្យជឿជាក់” បង្កឲ្យមានការខឹងសម្បារក្នុងចំណោមអ្នកជំនាញ និងអ្នកគាំទ្រ។ គ្រូបង្វឹកក្រុម Muay Thai ជម្រើសជាតិថៃ លោកពលបាលឯក Surajit Thonganan បាននិយាយថា លោកបានរំពឹងទុកពីលទ្ធផលដ៏ចម្រូងចម្រាសនេះ៕
