ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីជិត១០០នាក់ មកពីសមាគម និងក្លិបកីឡាវាយកូនឃ្លីលើតុ ១៧ ចូលរួមការប្រកួត កីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់ សហព័ន្ធលើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវា សន្តិភាពនៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលដំបូលទូកថ្មី ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។

លោក ហេង សុខជាតិ អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា ការរៀបចំការប្រកួតកីឡា វាយកូនឃ្លីលើតុ ជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធ លើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាព នៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ក្រោមការប្រើប្រាស់ថវិកាគាំទ្រ ប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា មានសមាគម និងក្លិបកីឡាវាយកូនឃ្លីលើតុកម្ពុជាចំនួន ១៧ ដែលមានកីឡាករ-កីឡាការិនី ចំនួនជិត ១០០ នាក់ ។

រួមមានក្លិបកីឡា វាយកូនឃ្លីលើតុ រដ្ឋាសភាសែនជ័យ ក្លិបកីឡាវាយកូនឃ្លីលើតុ ៥៩៨ ក្លិបកីឡាវាយកូនឃ្លីលើតុ លី វីរៈ ក្លិបកីឡាវាយកូនឃ្លីលើតុ ខេត្តរតនគិរី ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងមហាផ្ទៃ ក្លិបកីឡាវាយកូនឃ្លីលើតុ វិទ្យាល័យ ជាស៊ីម សាមគ្គី ក្លិបកីឡាវាយកូនឃ្លីលើតុ ហាវ៉ៃអូឡាំពិក ក្លិបកីឡាវាយកូនឃ្លីលើតុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្លិបកីឡាវាយកូនឃ្លីលើតុ ក្រសួងការពារជាតិ សមាគមខ្មែរ-ចិន ត្រកូលជា នៅកម្ពុជា ក្លិបកីឡាវាយកូនឃ្លីលើតុ H.W 001 ក្លិបកីឡាវាយកូនឃ្លីលើតុ អនុវិទ្យាល័យ ពោធិចិនតុង ក្លិបកីឡាវាយកូនឃ្លីលើតុ USA ក្លិបកីឡាវាយកូនឃ្លីលើតុ វេស្ទឡាញសន្ធរម៉ុក និងក្លិបកីឡាវាយកូនឃ្លីលើតុ CL Company ។

សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា សូមជូនដំណឹងដល់សមាគម និងក្លិប កីឡាវាយកូនឃ្លីលើតុ ក្រសួង រាជធានី ខេត្តទាំងអស់ឲ្យបានជ្រាបថា៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធលើកទី៤ ប្រចាំឆ្នាំ២០២៥ ដើម្បីអបអរសាទរទិវាសន្តិភាពនៅកម្ពុជា និងខួបអនុស្សាវរីយ៍លើកទី៤៧ ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩-២០២៦ ដែលមាន ៧ វិញ្ញាសា រួមមានវិញ្ញាសា ក្រុមបុរស ក១ វិញ្ញាសា គូបុរស ក១ វិញ្ញាសា ឯកត្តជនបុរស ក១ វិញ្ញាសា ឯកត្តជននារី ក១ វិញ្ញាសា ក្រុមយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) វិញ្ញាសា គូយុវជន ក២ (អាយុក្រោម ១៥ឆ្នាំ) និងវិញ្ញាសា ឯកត្តជនយុវជន ក២ ( អាយុក្រោម ១៥ឆ្នាំ)៕





