ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) តំណាងលោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បាននាំយកជំនួយ របស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ដែលបានផ្តល់ អំណោយសប្បុរធម៌ សម្រាប់ជនភៀសសឹកកម្ពុជា ក្រោមចលនាអូឡាំពិកពិភពលោក ។

ជំនួយរបស់គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ដែលភាគច្រើន ជាសម្ភារៈកីឡាត្រូវបានបរិច្ចាគជួយជនភៀសឹក ពិសេសគ្រូបង្រៀន និងសិស្សានុសិស្ស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាន លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា នៅទីស្តីការក្រសួងអប់រំ យុវជន និង កីឡា ។

លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ក្នុងនាមលោកបណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC និងគណៈកម្មាធិការ ប្រតិបត្តិ NOCC បានចូលរួមទទួលអំណោយ ជនភៀសសឹករបស់អូឡាំពិក (Olympic Refugees Foundations) ដែលជាគម្រោង ពិសេសមួយរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដោយស្ថាប័ន អន្តរជាតិទាំង២នេះ បានពិនិត្យលើហេតុផល ច្បាស់លាស់ណាស់ ដោយមិនមែនចេះ តែផ្តល់ជូននោះទេ មុននឹងសម្រេចចិត្តផ្តល់ ជូនអំណោយសប្បុរសធម៌មកដល់កម្ពុជា ។

លោក វ៉ាត់ ចំរើន បានពន្យល់ថា យើងឃើញថាជាស្មារតី ដែលយើងទទួលបាននូវអំណោយពី IOC និង OCA នាពេលនេះនឹងផ្តល់ដល់ជនភៀសសឹកកម្ពុជា ដោយសារគេមើលឃើញថា សង្គ្រាមបានកើតឡើងពីការរំលោភបំពាននេះ គឺចលនាអូឡាំពិកពិភពលោកបានទទួលស្គាល់ថា កម្ពុជាជាជនរងគ្រោះ។ នេះជាចំណុចសំខាន់ ជាជំនួយស្មារតីមួយ ក្នុងការផ្តល់ជូនយុត្តិធម៌សម្រាប់ជនភៀស សឹកកម្ពុជាយើងថា យើងពិតជារងគ្រោះដោយសារសង្គ្រាម ឈ្លានពានពិតប្រាកដមែន។

លោកអគ្គលេខាធិការបន្ថែមថា ការផ្តល់ជូន នូវអំណោយជនភៀសសឹករបស់ IOC និង OCA នេះត្រូវបានធ្វើឡើងក្នុង ស្មារតីស្របតាមគោលការណ៍ ដោយបានចុះ MOU ជាមួយអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសសឹក (UNHCR) សម្រាប់ប្រទេសណាដែលមានសង្គ្រាម ឬគ្រោះមហន្តរាយធំៗផ្សេងៗទៀត ទើបគេផ្តល់អំណោយសប្បុរសធម៌បែបនេះ ក្នុងគោលបំណងរួមចំណែក ជាមួយអង្គការសហប្រជាជាតិ ដើម្បីសម្រាលបន្ទុកទុក្ខលំបាក និងបន្តលើកទឹកចិត្ត ឱ្យជនភៀសសឹក យុវជន និង កុមារមានសិទ្ធិរស់មានមានជីវិត មានឱកាសសិក្សារៀនសូត្រ ព្រមទាំងមានឱកាស លេងកីឡាផងដែរ។ អំណោយទទួលបានផ្ទាល់ ពីចលនាអូឡាំពិកអន្តរជាតិ និងចលនាអាស៊ីសម្រាប់ ជនភៀសសឹកកម្ពុជា នាពេលនេះដូចជា សៀវភៅ សម្ភារសិក្សាជាច្រើនទៀត សម្ភារកីឡា៕






