កីឡា

ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១៤ គ្រឿងក្នុងការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥

ភ្នំពេញ៖ ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១៤ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៥ គ្រឿងនៃព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នៅសាកល វិទ្យាល័យភូមិន្ទភ្នំពេញដែលប្រព្រឹត្តិនាទី២៨ ខែធ្នូ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៥ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ វណ្ណរ័ត្ន អនុប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាតំណាង លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា និងសមាជិកប្រតិបត្តិសហព័ន្ធ ព្រមទំាងអ្នកតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងក្លិបកីឡាតេក្វាន់-ដូ ITFទំាង ១៦ ។

ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១៤ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយមាស ៥ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង ក្លិបវិរភាពកីឡា ខេត្តបន្ទាយមានជ័យមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ៤ គ្រឿង និងក្លិបញ៉ូថោន ខេត្តកំពង់ស្ពឺ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង។

ចំណែកក្លិបក្តីចាស់ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្លិបខេត្តកោះកុង ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ៥ គ្រឿង និងក្លិបខេមអ៊ីន ខេត្តបន្ទាយមានជ័យ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ 1 គ្រឿង។

លោក បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើង ឯកថ្នាក់ជាតិនេះចាប់ផ្តើមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២ ៥ដោយ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន ១៥៨ នាក់ ក្នុងនោះមានកីឡាការិនី ៦៥នាក់ និងកីឡាករចំនួន ៩៣ នាក់ គ្រូបង្វឹក ១៦ នាក់ និងគណៈប្រតិភូ ១៦ នាក់មកពីក្លិបចំនួន១៦ រួមមានក្លិបក្រសួងមហាផ្ទៃ ក្លិបខេមអ៊ីន ខេត្តបន្ទាយមានជ័យ ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្លិបយុវជន ក្លិបសេរីភាព ក្លិបវិឡាល័យ ប៊ុន រានីហ៊ុនសែន កោះដាច់ ខេត្តស្ទឹងត្រេង ក្លិបខេត្តកោះកុង ក្លិបញ៉ូថោន ខេត្តកំពង់ស្ពឺ និងក្លិបក្តីចាស់ ។

ក្លិបជម្ពូវ័ន្ត សែនជ័យ ក្លិបវិទ្យាល័យ ព្រែកអញ្ចាញ ក្លិបវិរភាពកីឡា ខេត្តបន្ទាយមានជ័យ ក្លិបថ្មស ខេត្តកោះកុង ក្លិបពន្លឺយុវជនខេត្តកំពង់ស្ពឺ និងក្លិបស.ស.យ.ក ខេត្តកំពង់ស្ពឺ ។ កីឡាករ-កីឡាការិនីចូលរួមប្រកួតបានតែ១ វិញ្ញាសារប៉ុណ្ណោះ៕

ដោយ៖លី ភីលីត

Most Popular

To Top