ភ្នំពេញ៖លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តំណាងលោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ និង លោក KIM CHANG YONG ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួត «The 1st HOPE International Open Taekwondo Championships 2026» នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ។

ក្នុងឱកាសពិធីបើកជាផ្លូវការនេះ ក៏មានការអញ្ជើញ ចូលរួម ពីសំណាក់លោក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានខេមរៈសហព័ន្ធតេក្វាន់ដូ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងលោក បឹង គឺមតោ ប្រធាននាយកដ្ឋានកីឡាសិស្ស និង និស្សិត និងអ្នកតំណាងប្រទេសទាំង ៦ ។

ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើង ឯកតេក្វាន់ដូអន្តរជាតិ Hope លើកទី១ ឆ្នាំ ២០២៦ “The 1st Hope International Taekwondo Open Championships 2026 “ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ មានក្លិបចូលរួមចំនួន ៤២ក្លិបមកពី ៦ ប្រទេសដោយកីឡាករ-កីឡការិនីជាតិ និងអន្តរជាតិចំនួន ៥៦០នាក់បានចុះឈ្មោះប្រកួត នៅរាជធានីភ្នំពេញ។

ប្រកួតខាងលើនេះកីឡាករ-កីឡការិនីជាតិ និងអន្តរជាតិចំនួនចំនួន ៥៦០នាក់មកពី៦ ប្រទេសរួមមានប្រទេសសឹង្ហបុរី ១ ក្លិប មានកីឡាករ-កីឡាការិនី ២នាក់ ប្រទេសវៀតណាម ១ក្លិប ប្រទេសកូរ៉េខាងត្បូង ១ក្លិប មានកីឡាករ១នាក់ មានកីឡាករ-កីឡាការិនី ៣នាក់ ប្រទេសម៉ាឡេស៊ី ១ក្លិប មានកីឡាករ-កីឡាការិនី ៣នាក់ ប្រទេសមីយ៉ាន់ម៉ា ៤ ក្លិប មានកីឡាករ-កីឡាការិនី ១៨នាក់ និងម្ចាស់ផ្ទៃកម្ពុជា ៣៥ក្លិប មានកីឡាករ-កីឡាការិនី ៥៣៤នាក់ ។

ចំពោះវិញ្ញាសាប្រកួតមានចំនួន ៦៦ វិញ្ញាសា រួមមានវិញ្ញាសា Senior ចំនួន ១៦ វិញ្ញាសា Junior ១៨វិញ្ញាសា Cadet ១៦ វិញ្ញាសា និងChildren ១៦ វិញ្ញាសា។ ការប្រកួតជើងឯកតេក្វាន់ដូអន្តរជាតិ Hope លើកទី១ កីឡាករ-កីឡាការិនីតេក្វាន់ដូ WTជាតិ និងអន្តជាតិ ៥៦០ នាក់។ កម្មវិធីបើក“The 1st Hope International Taekwondo Open Championships 2026 “ ជាផ្លូការនឹងប្រព្រឹត្តទៅនាថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦ នៅសាលហ្វឹកហាត់តេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួត The 1st Hope International Open Taekwondo Championships 2026 ជាការប្រកួតអន្តរក្លិប កីឡាតេក្វាន់ដូ WT នៃប្រទេស ក្នុងតំបន់អាស៊ីរៀបចំឡើង ក្នុងគោលបំណង ដើម្បីទំនាក់ទំនងគ្នាទៅវិញ ទៅមកឲ្យបាន ល្អប្រសើរ ក៏ដូចជាដកបទពិសោធន៍ ពីគ្នា ។ សម្រាប់កីឡាតេក្វាន់ដូWT កម្ពុជា គោលដៅឆ្ពោះទៅការ ចូលរួមប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០៣១ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ និង ត្រៀមចូលរួមប្រកួត ជាលក្ខណៈអន្តរជាតិនានា ហើយការប្រកួត នេះ អាចប្រព្រឹត្តទៅបាន ដោយមានការសហការ រៀបចំរវាង ខេមរសហព័ន្ធតេក្វាន់ដូ ជាមួយបណ្ឌិត្យសភា តេក្វាន់ដូកម្ពុជា និង អង្គភាពជំនាញ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងស្ថាប័នពាក់ព័ន្ធនានា ពិសេសក្រសួង សុខាភិបាល និង បានការគាំទ្របន្ថែមពីស្ថានទូត សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឲ្យការ រៀបចំព្រឹត្តិការណ៍ ប្រកួតនេះ នឹងកាន់តែល្អប្រសើរ។ ចំពោះការចំណាយទាំងអស់ ជាបន្ទុក របស់ខេមរសហព័ន្ធតេក្វាន់ដូ និងបណ្ឌិត្យសភាតក្វាន់ដូកម្ពុជា៕

