អង់គ្លេស៖ប្រធានប៉ូលីស នៃកម្លាំងប៉ូលីសធំទី៣របស់ចក្រភពអង់គ្លេស បានទទួលស្គាល់ថា ភស្តុតាងដែលប្រើដើម្បីបង្ហាញ អំពីភាពត្រឹមត្រូវនៃការហាមឃាត់អ្នកគាំទ្រ ក្លឹបបាល់ទាត់អ៊ីស្រាអែល មិនឲ្យចូលរួមការប្រកួត Europa League នៅទីក្រុង Birmingham កាលពីឆ្នាំមុនត្រូវបានបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ហើយបានសំដៅទៅលើការប្រកួត មិនបានកើតឡើង យោងតាមការចេញផ្សាយពីគេហទំព័រ RT ។
ប្រធានប៉ូលីស West Midlands លោក Craig Guildford បានផ្តល់ការសុំទោសយ៉ាងជ្រាលជ្រៅ ដល់គណៈកម្មាធិការសភា កាលពីថ្ងៃចន្ទ ដោយទទួលស្គាល់ថា លទ្ធផលខុសលើរបាយការណ៍ស៊ើបការណ៍ សម្ងាត់របស់លោកបានមកពីការប្រើប្រាស់ Microsoft Copilot AI។
របាយការណ៍នេះបានយោងទៅលើការប្រកួតរវាង Maccabi Tel Aviv និង West Ham United កាលខែវិច្ឆិកា ឆ្នាំ ២០២៣ ជាផ្នែកមួយនៃការវាយតម្លៃសុវត្ថិភាពរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតនេះមិនដែលកើតឡើងពិតប្រាកដនោះទេ ខណៈក្រុមបាល់ទាត់ West Ham បានលេងជាមួយ Olympiacos នៅថ្ងៃនោះ ខណៈMaccabi បានលេងនៅប្រទេសប៉ូឡូញ។
លោក Guildford ដែលដំបូងឡើយបានបដិសេធថា AI មិនមានជាប់ពាក់ព័ន្ធ បានបញ្ជាក់ក្នុងលិខិតមួយថា លោកជឿជាក់យ៉ាងស្មោះត្រង់ថា ការផ្គូផ្គងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈការស្វែងរក Google ហើយបានទទូចថា លោក មិនមានបំណងបំភាន់គណៈកម្មាធិការទេ។
ភស្តុតាងដែលបង្កើតឡើងដោយ AI ត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រអនុសាសន៍របស់ប៉ូលីស West Midlands ទៅកាន់ក្រុមប្រឹក្សាសុវត្ថិភាពរបស់ទីក្រុង Birmingham ដើម្បីហាមឃាត់អ្នកគាំទ្រ Maccabi មិនឲ្យចូលទស្សនាការប្រកួត Europa League ទល់នឹងក្រុម Aston Villa ខែវិច្ឆិកា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះក៏ផ្អែកយ៉ាងខ្លាំងទៅលើការវាយតម្លៃរបស់កម្លាំងប៉ូលីសអំពីការប៉ះទង្គិចគ្នាដោយហិង្សាដែលពាក់ព័ន្ធនឹងអ្នកគាំទ្រ Maccabi ក្នុងអំឡុងពេលការប្រកួតក្រៅដីទល់នឹងក្រុម Ajax នៅទីក្រុង Amsterdam ខែវិច្ឆិកា ឆ្នាំ២០២៤៕
