ភ្នំពេញ ៖ លោក ហេង លី បន្តដឹកនាំខេមរសហព័ន្ធកីឡាយូដូ បន្ដអាណត្តិទី៩ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រ បន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មី ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៨ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ របស់ខេមរសហព័ន្ធយូដូ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះនៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ។

ក្នុងឱកាសមហាសន្និបាត បញ្ចប់អាណត្តិទី៨ ឆ្នាំ២០២១-២០២៥ និងបន្ដអាណត្តិទី៩ ឆ្នាំ២០២៦-២០៣០ របស់ខេមរសហព័ន្ធយូដូ ដោយមានការ អញ្ជើញ ចូលរួមជាសាក្សី ពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហេង លី ប្រធានខេមរសហព័ន្ធកីឡាយូដូ ព្រមទាំងសមាជិក និងអ្នកតំណាងក្លិបកីឡាយូដូ ។

លោក ហេង លី ប្រធានខេមរសហព័ន្ធយូដូអាណត្តិថ្មី បានមានប្រសាសន៍ថា លោកបានប្ដេជ្ញានឹងខិតខំពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាយូដូកម្ពុជា ឲ្យកាន់តែរីកចម្រើន ដើម្បីឆ្លើយតបនឹងការឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ។ រូបលោកនឹងខិតខំពង្រឹង និងពង្រីកសហព័ន្ធឲ្យទទួលបានទាំងបរិមាណ និងគុណភាព ក៏ដូចជាខិតខំពង្រីកសមាគម/ក្លិប និងធនធានកីឡាករ-កីឡាការិនី តាមរយៈការបើកវគ្គបណ្ដុះបណ្ដាល និងការប្រកួតផ្សេងៗជាដើម។ លើសពីនេះ លោកក៏នឹងខិតខំរៀបចំផ្ទៃក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធឲ្យបានល្អប្រសើរផងដែរ ។

លោក តែម ម៉ឺន អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានមានប្រសាស៍ថា រូបលោកផ្ទាល់ និងតាងនាមឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមវាយតម្លៃខ្ពស់ និងកោតសរសើរក្រោមដឹកនាំលោក ហេង លី ក្នុងអាណត្តិចាស់ទទួលបានផ្លែផ្កាល្អប្រសើរ ជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 32 នៅកម្ពុជា ប្រភេទកីឡាយូដូ ទទួលមេដាយមាស មេដាយប្រាក់ និងសំរិទ្ធយ៉ាងច្រើន ។

ចំពោះសមាជិកគណៈកម្មាធិការ ប្រតិបត្តិថ្មី នៃខេមរសហព័ន្ធយូដូ អាណត្តិទី៩ គឺមាន ៩រូប តាមរយៈការអនុម័តផ្តល់ សេចក្តីទុកចិត្តដោយការលើកដៃ រួមមានលោក ហេង លី ជាប្រធានសហព័ន្ធ លោក Emmanuel Dias អនុប្រធាន លោក ប៊ន់ ប្រុញ អគ្គលេខាធិការ លោក ប្រាក់ ចាន់ដែន អគ្គលេខាធិការរង លោក ម៉ារ វង្សវិបុល ប្រធានគណៈកម្មការបច្ចេកទេស លោក តន់ អនុប្រធានគណៈកម្មការបច្ចេកទេស លោក សុខ ដារ៉ា អនុប្រធានគណៈកម្មការបច្ចេកទេស កញ្ញា ហេង លីលី អគ្គហេរញ្ញិក និងកញ្ញា សេង គឹមលី អគ្គហេរញ្ញិករង៕






