ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព និងពានរង្វាន់ក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) លើកទី១ ឆ្នាំ២០២៦ ដែលរៀបចំដោយក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃ ក្រោមសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន សំបកកងរថយន្ត ម៉ាក អូតូ ហ្គ្រីន ថាឃអឺ (AUTOGREEN TYRES) នៅតាំងក្លិបកីឡាវាយកូនឃ្លីលើតុហាវ៉ៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ បើកការប្រកួតកីឡាវាយកូនឃ្លីលើតុមិត្តភាព ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាតំណាងលោក សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ឃុន ប៊ុនថុង អគ្គនាយកក្រុមហ៊ុនសំបកកង់រថយន្តម៉ាក អូតូហ្គ្រីនថាយអឺ និងលោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដ៏មានតម្លៃ គឺដើម្បីប្រមូលមូលនិធិស្ម័គ្រចិត្តតាមរយៈអគ្គនាយកដ្ឋានកីឡា ជួយឧបត្ថម្ភដល់វីរៈកងទ័ព និងជនភៀសសឹកដែលរងគ្រោះដោយសារសង្គ្រាម បង្កឡើងពីប្រទេសជិតខាង។

ជាមួយគ្នានេះដែរ ក៏មានបំណងលើកកម្ពស់សុខភាព បង្កើនចំណងមិត្តភាព និងសាមគ្គីភាព ក្នុងនាមជាមហាគ្រួសារកីឡាវាយកូនឃ្លីលើតុតែមួយ។ ការចូលរួមរបស់កីឡាករ-កីឡាការិនី និងភ្ញៀវកិត្តិយសទាំងអស់នៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការគោរពគ្នា និងការស្រឡាញ់កីឡា ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍវិស័យកីឡាជាតិឲ្យរីកចម្រើនបន្តទៅមុខ។

លោកអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានបន្តថា ការប្រកួតមានកីឡាករចំនួន ៦២ នាក់ យើងបែងចែកចេញ ៨ ពូល ក្នុងពូលនីមួយៗ មាន ៤ ក្រុម។ការប្រកួតនេះធ្វើឡើងក្នុងគោលបំណងដើម្បីបំផុសដល់ស្រទាប់មហាជន សិស្ស-និស្សិតនៅតាម រាជធានី-ខេត្ត លើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់ សមត្ថភាពរបស់កីឡាករ-កីឡាការិនី ។

សហព័ន្ធបានធ្វើផែនការ យុទ្ធសាស្ត្រដូចជាបំផុសស្មារតី និងបណ្តុះបណ្តាលបច្ចេកទេសគ្រូ បន្ថែមនៅតាមគ្រឹះស្ថានសិក្សានានា ត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល និងមន្ត្រីបច្ចេកទេសរៀបចំការប្រកួត និងបញ្ចូនកីឡាករ កីឡាការិនី និង គ្រូមួយចំនួន ទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន និងកីឡាករ កីឡាការិនីថ្នាល ចូលហ្វឹកហាត់ដើម្បីត្រៀមកីឡា យុវជនអាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ ផ្ទះ នាឆ្នាំ២០៣១ ។
ដោយ៖លី ភីលីព



