ភ្នំពេញ ៖ លោក Komabashiri Takuzo ទីប្រឹក្សាក្រុមរៀបចំគម្រោង របស់ទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ទទួលបន្ទុក ជាអ្នកសម្របសម្រួល ស្ម័គ្រចិត្តប្រចាំកម្ពុជា បានចូលរួមសម្តែងការគួរសមមួយជាមួយលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកកីឡា របស់ក្រសួងអប់រំ យុវជន និង កីឡា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

លោក ប៉ុន សុខ អគ្គនាយក បានប្រាប់ឲ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងផល់នូវអ្នកជំនាញផ្នែកចំណីអាហារ (របរអាហារ)សម្រាប់ក្រុមកីឡាករ-កីឡាការីនីជម្រើសជាតិកម្ពុជា ព្រមទាំងគ្រូបង្វឹកប្រភេទកីឡាយូដូ និងកីឡាបាល់ទាត់ ក្នុងការដល់ក្រុមកីឡាករ-កីឡាការីនីកម្ពុជា ។ គ្រូបង្វឹកស្ម័គ្រចិត្តទំាងនឹងមកជួយផ្នែកកីឡាកម្ពុជាមានរយៈពេលវែង និងរយៈពេលខ្លី ក្នុងនោះមានរយៈពេល ២ ឆ្នាំ ៦ ខែ និង ៣ ខែ ដើម្បីបង្រៀន បង្វឹកក្រុមកីឡាករ-កីឡាការីនីកម្ពុជា ។

លោកអគ្គនាយកបានបន្តថា អ្នកជំនាញស្ម័គ្រចិត្តជនជាតិជប៉ុននឹងជួយអភិឌ្ឍនវិស័យកីឡាកម្ពុជាសម្រាប់ឲ្យកាន់តែខ្លាំងក្លា ស្របពេល កម្ពុជាត្រៀមខ្លួន ចូលរួមព្រឹត្តិការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ប្រព្រឹត្តិទៅ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ កម្ពុជាត្រៀមបញ្ជូនកីឡាករ-កីឡាការិនីចំនួន ៨ ប្រភេទកីឡារួម មានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ និងកីឡាតេក្វាន់ដូ WT។
ដោយ៖លី ភីលីព






