កីឡា

រដ្ឋលេខាធិការក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំ រៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ និងការរៀបចំការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨

ភ្នំពេញ ៖ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន លោក កែ ប៊ុនខៀង និងលោក សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំការប្រកួតកីឡា ឆ្នាំ២០២៦ ចំនួន ៣ ធំៗ និងព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២៣ “The 23rd ASEAN University Games” ឆ្នាំ២០២៨ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះ ។

ក្នុងឱកាសនេះក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោកបឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស និសិ្សត លោកយានគី ស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី កែវ មនោរម្យ នាយិការវិទ្យាស្ថានជាតិ អប់រំកាយនិងកីឡា ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាឆ្នាំ២០២៦ ចំនួន ៣ ធំៗរួមមាន ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៦ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ និងការប្រកួតកីឡាថ្នាក់ជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា បានបន្តថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ សម្រេចដាក់ ១២ ប្រភេទ និងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៦ សម្រេចដាក់ ១២ ប្រភេទដែរ។ ការប្រកួតកីឡាថ្នាក់ជាតិ លើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ គណៈកម្មការមិនទាន់បានសម្រេចចំនួនប្រភេទកីឡាចូលរួមឡើយ៕

Most Popular

To Top