អ៊ូសបេគីស្ថាន៖យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា កាតាកាន់តែឥទ្ធិពលខ្លាំងឡើង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងនយោបាយកីឡាអូឡាំពិក នៅថ្ងៃចន្ទ ដោយអេមីរ៉ាតនេះ ក៏មានគោលបំណងធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ ២០២៦ ផងដែរ។
សមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានជ្រើសរើស លោក Sheikh Joaan bin Hamad Al Thani ជាប្រធានរបស់ពួកគេ ដើម្បីបញ្ចប់អាណត្តិរបស់លោក Randir Singh នៃប្រទេសឥណ្ឌា ដែលបានលាលែងពីតំណែង ដោយសារហេតុផលសុខភាព។
លោក Sheikh Joaan ជាបេក្ខជនតែម្នាក់គត់ត្រូវបានតែងតាំង និងទទួលបាន ៤៤ សំឡេងឆ្នោត ដោយសមាជិក OCA ម្នាក់បានអនុប្បវាទ នៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ស្ថាប័នអូឡាំពិក។ អាណត្តិរបស់លោកមានរហូតដល់ឆ្នាំ ២០២៨។
លោក Sheikh បាននិយាយថា ខ្ញុំឈរនៅចំពោះមុខអ្នកនៅថ្ងៃនេះ ដោយមានអារម្មណ៍មោទនភាព និងការទទួលខុសត្រូវយ៉ាងខ្លាំង។ លោកក៏ដឹកនាំគណៈកម្មាធិការអូឡាំពិកកាតា និងជាអនុប្រធានជាន់ខ្ពស់ នៃក្រុមសកលនៃស្ថាប័នអូឡាំពិកជាតិ ដែលត្រូវបានគេស្គាល់ថា ANOC។
លោក Sheikh Joaan គឺជាប្អូនប្រុសរបស់ Emir នៃប្រទេសកាតា គឺ Sheikh Tamim bin Hamad Al Thani ដែលជាសមាជិកនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិអស់រយៈពេល ២៤ ឆ្នាំ។
ឥទ្ធិពលរបស់ប្រទេសកាតានៅក្នុងរង្វង់កីឡាអូឡាំពិកកំពុងកើនឡើង ខណៈ IOC ឆ្លុះបញ្ចាំងពីការកំណត់ដំណើរការដើម្បីជ្រើសរើសម្ចាស់ផ្ទះឆ្នាំ ២០៣៦។ ប្រទេសឥណ្ឌា និងកាតាត្រូវបានគេមើលឃើញថាជាអ្នកដេញថ្លៃខ្លាំងបំផុត ខណៈដែលអារ៉ាប៊ីសាអូឌីតក៏ចាប់អារម្មណ៍ផងដែរ។
កាតានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីពហុកីឡាសម្រាប់ OCA ក្នុងឆ្នាំ ២០៣០ និងឆ្នាំ ២០៣៤។ ការប្រកួតកីឡាអាស៊ីលើក ក្រោយនឹងបើកនៅខែកញ្ញា នៅ Aichi-Nagoya ប្រទេសជប៉ុន៕
