ភ្នំពេញ៖ លោក លីម ហួរនីតា ត្រូវតែងតាំងជាប្រធានសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជាថ្មី អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ខណៈលោក ប៉ុន សុខ អនុប្រធានទី១នៃសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា បន្ទាបពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវវជន និងកីឡាឲ្យបង្កើតសហព័ន្ធជាផ្លូវការ ជាមួយសមាជិកប្រតិបត្តិចំនួន ២៣ រូប ។

កាលពីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានអញ្ជើញចូលរួមជាសាក្សីក្នុងមហាសន្តិបាតសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ប្រធានកិត្តិយសសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

អាណត្តិទី១ របស់សហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ឆ្នាំ២០២៦-២០៣០ មានសមាសភាពគណៈកម្មាធិការប្រតិបត្តិដឹកនាំសរុបចំនួន២៣រូប ដោយលោក លីម ហ៊ួរនីតា ជាប្រធានអមដោយអនុប្រធាន ៩រូប ក្នុងនោះលោក ប៉ុន សុខ អនុប្រធានទី១ លោក អន ចិន្ត្រាសំរិត អគ្គលេខាធិការ អគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៣រូប លោក លីម ហួរម៉េងហុង អគ្គហេរញ្ញឹកអមដោយអគ្គហេរញ្ញិករង១រូប ព្រមទាំងសមាជិកប្រតិបត្តិ៧រូប។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានអបអរសាទរចំពោះសហព័ន្ធកីឡាផិក្កូលប៊លកម្ពុជា ដែលទទួលបានសេចក្តីសម្រេចពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតឡើងជាផ្លូវការនូវសហព័ន្ធកីឡាជាតិមួយនេះ។ ជាមួយការដំណើរជាផ្លូវការជាសហព័ន្ធកីឡាជាតិនេះ មានភារកិច្ចធំៗចំនួនពីរ គឺភារកិច្ចទី១ធ្វើឱ្យកីឡាផិក្កូលប៊លកម្ពុជាមានប្រជាប្រិយភាពក្នុងសង្គមជាតិ និងទី២ សហព័ន្ធមានបេសកកម្មពង្រឹងជំនាញបច្ចេកទេសកីឡាផិក្កូលប៊លឱ្យឈានទៅរកសក្តានុពលនៃគុណផលកីឡាទាំងក្នុងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

លោក វ៉ាត់ ចំរើន សង្ឈឹមយ៉ាងមុតមាំថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់ប្រធានសហព័ន្ធរួមជាមួយសមាជិកគណៈកម្មាធិការប្រតិបត្តិទាំងអស់ ក្នុងអាណត្តីទី១នេះនឹងទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ ឯកឧត្តមរដ្ឋលេខាធិការក៏លើកទឹកចិត្តដល់សហព័ន្ធខិតខំបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនី ដែលជាកម្លាំងស្នូលឱ្យមានសក្តានុពល ក្នុងការសម្រួចគោលដៅត្រៀមឆ្ពោះទៅចូលរួមប្រកួតប្រជែង កីឡាស៊ីហ្គេម ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី, ត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ នៅកម្ពុជា និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ នៅកម្ពុជា៕




ដោយ៖ លី ភីលីព
