ខេត្តកណ្តាល ៖ នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញចូលរួមពិធី បើកវគ្គបណ្តុះបណ្តាល ការដំឡើងគុណវុឌ្ឍពីគ្រូអប់រំកាយ និងកីឡា កម្រិតមូលដ្ឋានទៅកម្រិត សញ្ញាបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានាពេលនេះ កាយវិការនេះ បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំមកលើអង្គភាព ជំនាញក្នុងអនុវិស័យអប់រំកាយ និងកីឡា។

លោកស្រី កែវ មនោរម្យ នាយិកាវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា បានប្រាប់ឲ្យដឹងថា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបង្កើតឡើងតាំងពីឆ្នាំ១៩៨៨។ រហូតមកបច្ចុប្បន្ននេះ វិទ្យាស្ថានបាន បណ្តុះបណ្តាលគរុសិស្ស និងគរុនិស្សិត សរុបចំនួន ៣៧១៧នាក់ ស្រី ៦៨២នាក់ ក្នុងនោះបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាល (១២+២) បានចំនួន ៣១ជំនាន់ សរុប ៣៦២៦នាក់ ស្រី ៦៧១នាក់ និង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រអប់រំ ឯកទេស អប់រំកាយ តាមប្រព័ន្ធ (១២+៤) ចំនួន៤ជំនាន់ សរុប ៩១នាក់ ស្រី ១១នាក់ ។

នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ វិទ្យាស្ថានបានទទួលការអនុញ្ញាតពីឯកឧត្តម បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចាប់ផ្តើមដំណើរការណ៍ដំឡើងគុណវុឌ្ឍជូនដល់គ្រូ អប់រំកាយ និងកីឡា សរុប១០៧នាក់ ក្នុងនោះរួមមាន គ្រូអប់រំកាយ និងកីឡា ក្នុងវិទ្យាស្ថានចំនួន២៩នាក់ (សិក្សាចំនួន៥៦ក្រេឌីត ដោយសារពួកគាត់បានទទួលការបណ្តុះបណ្តាលចំនួន៤ ក្រេឌីត ក្នុងឆ្នាំ២០២៥ ក្រោមគម្រោង របស់អង្គការ មិនមែនរដ្ឋាភិបាលបរទេស បេះដូងមាស) និងមន្ត្រីពីអង្គភាពក្រោម ឱវាទអគ្គនាយកដ្ឋានកីឡា ចំនួន ៧៨នាក់ (សិក្សាចំនួន៦០ក្រេឌីត)។ គិតត្រឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៥:០០នាទីល្ងាច វិទ្យាស្ថាន ជាតិអប់រំ កាយនិងកីឡា បានទទួលពាក្យចូលរៀន ពីសិក្ខាកាម សរុបចំនួន៥០នាក់ ស្រី២០នាក់។

វគ្គបណ្តុះបណ្តាលដំឡើងគុណវុឌ្ឍនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ខែកុម្ភៈ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ មានរយៈខែ នឹងធ្វើឡើងក្នុងគោលបំណងលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនកម្រិតមូលដ្ឋានទៅកម្រិតបរិញ្ញា បត្រអប់រំ ឯកទេសអប់រំកាយ ដែលជាការផ្តល់ឱកាសអភិវឌ្ឍវិជ្ជាជីវៈពេញមួយជីវិត និងការបង្កើនគុណភាពនៃការ បណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជា ជាពិសេសឱ្យស្របទៅនឹងការបណ្តុះបណ្តាលនៅគ្រឹះស្ថានឧត្តមសិក្សា និងក្របខណ្ឌគុណវុឌ្ឍជាតិកម្ពុជា ជាធាតុដ៏សំខាន់ក្នុងការជួយឲ្យលោកគ្រូ អ្នកគ្រូទទួលបានជោគជ័យក្នុងអាជីព ការងារឱ្យក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធិភាព រួមចំណែកអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

លោក ប៉ុន សុខ បានមានប្រសាសន៍ថា តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់សូមកោត សរសើរ និងវាយតម្លៃខ្ពស់ចំពោះ បុគ្គលិកអប់រំ នៃវិទ្យាស្ថានជាតិអប់រំកាយ និង កីឡាទាំងអស់បាន ចូលរួមសហការ ខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត ចំណាយពេលវេលាភាពទទួលខុសត្រូវខ្ពស់ ក្នុងការជួយរៀបចំកម្មវិធីសិក្សាក្នុងការដំណើរការបណ្តុះបណ្តាលនេះ ។ ដោយប្រទេសកម្ពុជាមានការអភិវឌ្ឍ មានការរីកចម្រើលើគ្រប់វិស័យ ហើយវិស័យអប់រំកាយ និងកីឡា ក៏មាន ភាពរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ និងបានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង ធនធានមនុស្ស ពិសេស ក្នុងសង្គមកម្ពុជា ដែលកំពុងឆ្ពោះទៅរកកិច្ច សហប្រតិបត្តិការ និងការប្រកួតប្រជែងលើថ្នាក់អន្តរជាតិ ។

លោកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា បានបន្តថា កីឡាបាន ដើរតួនាទីយ៉ាងសំខាន់ មិនត្រឹមតែជាការកម្សាន្ត និងជួយដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែកីឡាគឺជាគ្រឹះក្នុងការកសាង ធនធានមនុស្សប្រកបដោយគុណភាព សុខមាលភាព និងការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ។ ផ្អែកលើសារ ប្រយោជន៍ទាំងអស់នេះ ក្រសួងអប់រំ បានបញ្ចូលមុខវិជ្ជាអប់រំកាយទៅក្នុងកម្មវិធីសិក្សាជាផ្លូវការ ទាំងក្នុង និងកីឡាក្រៅម៉ោងសិក្សា នៅតាមគ្រឹះស្ថានសិក្សាទូទាំងប្រទេស និងគ្រប់កម្រិត ដោយមាននាយកដ្ឋាន អប់រំកាយនិងកីឡា សិស្សនិស្សិត ទទួលខុសត្រូវផ្ទាល់ លើការងារនេះ ជាមួយគោលដៅជំរុឲ្យសិស្សានុសិស្ស គ្រប់រូប ត្រូវចេះលេងកីឡាមួយ ប្រភេទយ៉ាងតិច ក្រោយបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្របតាមយុទ្ធ សាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវិស័យអប់រំជា វិស័យអាទិភាពទី១៕
