ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយ ពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា លោក Gianni Infantino ប្រធាន សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានការពារការ សម្រេចចិត្ត ដ៏ចម្រូងចម្រាសរបស់លោក ក្នុងការផ្តល់រង្វាន់ សន្តិភាព ដល់ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donald Trump ខណៈលោកបានច្រានចោលការ អំពាវនាវឲ្យធ្វើពហិការព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក។
លោក Infantino ត្រូវបានគេរិះគន់ យ៉ាងទូលំទូលាយ ចំពោះការផ្តល់កិត្តិយសដល់លោក Trump ក្នុងនាមស្ថាប័នគ្រប់គ្រង របស់លោកក្នុងការចាប់ឆ្នោតព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ “2026 World Cup” នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ីកាលពីខែធ្នូ។
ចលនានេះបានទាក់ទាញការត្រួតពិនិត្យបន្ថែមទៀត បន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក Miguel Maduro ខណៈលោក Trump បានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែច្រើន ជាមួយនឹងបំណងប្រាថ្នា របស់លោកក្នុងការទទួលបានកោះ Greenland សម្រាប់ហេតុផលសន្តិសុខជាតិ។
ទោះជាយ៉ាងណាក៏ដោយ លោក Infantino បានទទូចថា លោក Trump សមនឹងទទួលបានរង្វាន់សន្តិភាពលើកដំបូងរបស់ FIFA ដោយបានប្រាប់ Sky News កាលពីថ្ងៃចន្ទថា តាមទស្សនៈជាក់ស្តែង លោកសមនឹងទទួលបានវា។ អ្វីក៏ដោយ ដែលយើងអាចធ្វើបានដើម្បីជួយសន្តិភាពនៅលើពិភពលោក យើងគួរតែធ្វើវា ហើយសម្រាប់ហេតុផលនេះ អស់មួយរយៈពេលហើយ យើងកំពុងគិតថាយើងគួរតែធ្វើអ្វីមួយដើម្បីផ្តល់រង្វាន់ដល់អ្នកដែលធ្វើអ្វីមួយ។
លោក Infantino បានបដិសេធការលើកឡើងថា អាចមានការធ្វើពហិការព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះ ដែលនឹងប្រព្រឹត្តទៅនៅអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ដោយសារតែគោលនយោបាយបានអនុម័តនៅក្នុងស្រុក និងក្រៅប្រទេសដោយរដ្ឋបាលលោក Trump។ មានភាពចលាចលនៅក្នុងទីក្រុង មួយចំនួនរបស់អាមេរិក ជាពិសេសទីក្រុង Minneapolis ជុំវិញវិធីសាស្រ្តរបស់រដ្ឋបាលលោក Trump ចំពោះការអនុវត្តច្បាប់អន្តោប្រវេសន៍។
ប៉ុន្តែលោក Infantino បាននិយាយថា មិនដែលមានការអំពាវនាវឱ្យអាជីវកម្មធ្វើពហិការប្រទេសណាមួយឡើយ ដូច្នេះហេតុអ្វីបានជាបាល់ទាត់? បុរសអាយុ ៥៥ ឆ្នាំរូបនេះបានបន្ថែមថា នៅលើពិភពលោកដែលបែកបាក់របស់យើង នៅក្នុងពិភពលោកដ៏ឈ្លានពានរបស់យើង យើងត្រូវការឱកាសដែលមនុស្សអាចមក អាចជួបជុំគ្នាជុំវិញចំណង់ចំណូលចិត្ត (ចំពោះបាល់ទាត់)។
លោក Infantino បញ្ជាក់ថា FIFA និង UEFA ស្ថាប័នគ្រប់គ្រង បាល់ទាត់អឺរ៉ុប នឹងត្រូវតែពិនិត្យមើលការធ្វើឲ្យរុស្ស៊ី វិលត្រឡប់ចូលទៅក្នុងសកម្មភាពអន្តរជាតិវិញ។
រុស្ស៊ីត្រូវបានហាមឃាត់ចាប់តាំង ពីការឈ្លានពានអ៊ុយក្រែនកាលឆ្នាំ ២០២២ ប៉ុន្តែគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ឥឡូវនេះបានណែនាំសហព័ន្ធកីឡាឲ្យអនុញ្ញាត ឲ្យក្រុមរុស្ស៊ីប្រកួតប្រជែងនៅកម្រិតយុវជន។ យើងត្រូវតែពិនិត្យមើល ការអនុញ្ញាតឲ្យរុស្ស៊ីចូលវិញ ។ ការហាមឃាត់នេះមិនបានសម្រេចអ្វីទាំងអស់ វាគ្រាន់តែបង្កើតការខកចិត្ត និងការស្អប់ខ្ពើមកាន់តែច្រើន៕
