កីឡា

អ៊ុយក្រែន បានរិះគន់ប្រធាន FIFA លោក Gianni Infantino ថា ជាមនុស្សមានសីលធម៌អន់ថយ

អ៊ុយក្រែន៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrey Sibiga បានរិះគន់យ៉ាងចាស់ដៃ ទៅលើប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” លោក Gianni Infantino ថា ជាមនុស្សមានសីលធម៌អន់ថយ បន្ទាប់ពីលោកបានរិះគន់ ការហាមឃាត់អត្តពលិករុស្ស៊ី យោងតាមការចេញផ្សាយពីគេហទំព័រ RT ។

លោក Infantino បានប្រាប់ Sky News កាលពីថ្ងៃចន្ទថា ការហាមឃាត់ និង ការធ្វើពហិការមិននាំមកនូវអ្វីទេ ហើយគ្រាន់តែរួមចំណែក ដល់ការស្អប់ខ្ពើមកាន់តែច្រើន ដោយបន្ថែមថា ជនជាតិរុស្ស៊ីគួរតែត្រូវបានអនុញ្ញាតឲ្យប្រកួតប្រជែង យ៉ាងហោចណាស់នៅកម្រិតយុវជន។

ការឆ្លើយតបរបស់លោកនៅលើបណ្តាញសង្គម X អ្នកការទូតកំពូលរបស់អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីពីបទសម្លាប់ជនស៊ីវិល។ លោក Sibiga បានសរសេរថា ហើយវាបន្ត សម្លាប់កាន់តែច្រើន ខណៈអ្នកដែលមានសីលធម៌អន់ថយណែនាំឲ្យលើកការហាមឃាត់ ទោះបីជារុស្ស៊ីបរាជ័យក្នុងការ បញ្ចប់សង្គ្រាមរបស់ខ្លួនក៏ដោយ។

លោក Sibiga បានអះអាងថា មនុស្សជំនាន់ក្រោយនឹង មើលឃើញការកត់សម្គាល់របស់លោក Infantino ថាជាការអាម៉ាស់ ហើយបានប្រៀបធៀបជំហរ របស់លោកទៅនឹងកីឡាអូឡាំពិកឆ្នាំ ១៩៣៦ ដែលរៀបចំដោយណាស៊ីអាល្លឺម៉ង់។

រុស្ស៊ីនិយាយថា កងទ័ពរបស់ខ្លួនវាយប្រហារ តែទីតាំងយោធានៅអ៊ុយក្រែនប៉ុណ្ណោះ ហើយមិនកំណត់គោលដៅលើជនស៊ីវិលទេ។

ចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ អត្តពលិក និងក្រុមជម្រើសជាតិរុស្ស៊ី និងបេឡារុស្សត្រូវបានហាមឃាត់ មិនឲ្យចូលរួមការប្រកួតកីឡាអន្តរជាតិភាគច្រើន រួមទាំងការប្រកួត FIFA និង UEFA និងអូឡាំពិកផងដែរ៕

Most Popular

To Top