ខេត្តកណ្តាល ៖ ក្រសួងការពារជាតិដណ្តើម បានមេដាយមាសចំនួន ៥ គ្រឿង ខណៈខេត្តបាត់ដំបង ដណ្តើមបានមេដាយចំនួន ៣ គ្រឿង ដែលធ្វើឲ្យក្រសួងការពារជាតិ ក្លាយជាម្ចាស់ជើងឯក ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅច្រមុះជ្រូក សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ដែលរៀបចំ ដោយសហព័ន្ធប្រដាល់គុនខ្មែរការប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនដៃគូ។

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក អ្នកឧញ្ញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី លោក ប៊ុន ផេង អភិបាលរង ខេត្តកណ្តាល តំណាងលោក គួច ចំរើន អភិបាល នៃគណៈអភិបាល និង លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានអញ្ជើញចួលរួមបិទការ ប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ នៅច្រមុះជ្រូក សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ខូវ ឆាយ ប្រធាន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការប្រកួត កីឡាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រារព្ធពិធីដ៏មានអត្ថន័យនៃការលើកម្ពស់បេតិកភណ្ឌជាតិ អត្តសញ្ញាណជាតិរបស់យើង។ គុនខ្មែរ គឺជាបេតិកភណ្ឌដ៏មានតម្លៃដែបានបន្សល់ទុកពីដូនតារបស់យើង អស់រយៈពេលជាច្រើនសតវត្សមកហើយ ជាតំណាងឲ្យភាពក្លាហាន វិន័យ ការគោរព និងការឯកភាពក្នុងចំណោមប្រជាជនខ្មែរ។ តាមរយៈការប្រកួតនេះ យើងមិនត្រឹមតែថែរក្សាសិល្បៈក្បាច់គុនប្រពៃណីនេះប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងដល់សហគមន៍ជាតិ អន្តរជាតិផងដែរ។ ការប្រកួតនេះប្រមូលផ្តុំអ្នកប្រដាល់ដែលមានទេពកោសល្យមកពីបណ្តាសមាគម ក្លឹប និងស្ថាប័នផ្សេងៗគ្នា ដែលបានហ្វឹកហាត់ដោយការលះបង់ ការតស៊ូ និងតម្លៃសីលធម៌ដ៏រឹងមាំ។

លោកប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានបន្តថា ឈ្នះ ឬចាញ់ កីឡាករ កីឡាការិនីគ្រប់រូបបានចូលរួម ប្រកួតទៅក្នុងសង្វៀននាឱកាសនេះ គឺជាជើងឯករួចទៅហើយ ពីព្រោះអ្នកនាំមកនូវកិត្តិយសនៃគុនខ្មែរ និងមោទនភាពរបស់ប្រជាជាតិខ្មែរយើង ។ សូមលើកទឹកចិត្តដោយស្មារតីជាអ្នកកីឡា ប្រយុទ្ធដោយភាពក្លាហាន គោរពគូប្រកួតរបស់ខ្លួន គោរពបទបញ្ជាការប្រកួត គោរពវិន័យ យុត្តិធម៌ ភាពស្និទ្ធស្នាលខាងកីឡា និងរក្សាតម្លៃដ៏ថ្លៃថ្នូរ នៃគុនខ្មែរ និងជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាការវាស់ស្ទង់នូវកម្រិតបច្ចេកទេស កំលាំងថាមពល បញ្ញាស្មារតី និងបទពិសោធន៍ ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានធ្វើការហ្វឹកហាត់កន្លងមក ហើយក៏ជាការជ្រើស រើសកីឡាករ កីឡាករី ដែលមានសក្តានុពលហ្វឹកហាត់ ត្រៀមលក្ខណៈទៅចូលរួមការប្រកួតកីឡាជាលក្ខណៈអន្តរជាតិនានា នៅក្នុងប្រទេស និងនៅក្រៅប្រទេស។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមសម្តែងនូវការដឹងគុណចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ជាដៃគូអភិវឌ្ឍដ៏ធំក្នុងការជួយឧបត្ថម្ភថវិកាគាំទ្រដល់ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥នេះ។ សូមថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកណ្តាលបានផ្តល់ទីតាំងសម្រាប់រៀបចំ និងសហការលើការងារសន្តិសុខ សណ្តាប់ធ្នាប់ អានាម័យ។សូមថ្លែងអំណរគុណក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធប្រចាំឆ្នាំ សូមថ្លែងអំណរគុណគុណដល់ បងប្អូនប្រជាពលរដ្ឋ ទស្សនិកជន ដែលបានគាំទ្រ តាមដានទស្សនាផ្ទាល់នៅទីនេះ និងនៅតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញសារព័ត៌មាននានា៕


