ភ្នំពេញ៖នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក វ៉ាត់ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធ កីឡាការ៉ាតេកម្ពុជា តំណាងឲ្យ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានអញ្ជើញអធិបតី ក្នុងពិធិបើកព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ ២០២៥ រៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា នៅសាលក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនេះក៏មានការអញ្ជើញចូលរួម បើកព្រឹត្តិការណ៍ការប្រកួតកីឡា ពីសំណាក់ លោក ឈុន ចាន់ធូ អគ្គនាយករងតំណាង លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក ទុយ ប៊ុនហឿន អនុប្រធានតំណាង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក លោកយានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉េតេ ហនុមាន ។

លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥នេះ សហព័ន្ធ មានបណ្តាសាលាគុន សមាគម ក្លឹប ចំនួន ២៧ ចូលរួម និងកីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្តាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។ កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២នាក់ប៉ុណ្ណោះ ការចូលរួមជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់។

លោកអគ្គលេខាធិការរងសហព័ន្ធកីឡា ការ៉ាតេកម្ពុជាបានបន្តថា ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ នាពេលនេះ ដែលជាការផ្តល់នូវកម្លាំងចិត្តដល់ការប្រកួតនាពេលនេះដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ។ ពិសេសជាងនេះទៅទៀត ព្រឹត្តិការណ៍នៃការប្រកួតនេះផងដែរ ក៏ជាការត្រៀមលក្ខណៈការ ប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម នាខែកក្កដា ឆ្នាំ២០២៦ ជើងឯកការ៉ាតេ អាស៊ី នៅប្រទេសឥណ្ឌូនេស៊ី នាខែមិថុនា ឆ្នាំ២០២៦ និងអេសស៊ានហ្គេម នាខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេល ខាងមុខ ដើម្បីដណ្តើមយក មេដាយ ជូនជាតិ៕



