ខេត្តស្វាយរៀង៖ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក សរ សិទ្ធិ អនុប្រធានទី២សហព័ន្ធតំណាងលោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធី “បើក” ការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា”លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ នេះឡើងក្នុងគោលបំណងសម្រួចទិសដៅបច្ចេកទេស ក្នុងការជ្រើសរើសអត្តពលិកឆ្នើម មកធ្វើការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកីឡាទូក ប្រចាំឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេស ត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ីហ្គេម(Asian Games)ឆ្នាំ២០២៦ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។

លោក បានសង្កត់ធ្ងន់ទៀតថា ជាការពិតព្រឹត្តិការណ៍កីឡាមិនមែនមានត្រឹមតែការប្រកួតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ឱកាស ក្នុងការទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងប្រតិភូកីឡា មកពីគ្រប់បណ្តាប្រទេស ឬក៏បណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលបានអញ្ជើញមកចូលរួមការប្រកួតផងដែរ ។

លោក សរ សិទ្ធិ បានអំពាវនាវឲ្យមានចលនាចូលរួមឧបត្ថម្ភ គាំទ្រដល់ប្រភេទកីឡាប្រណាំងទូក ដែលជាកេរមរតកវប្បធម៌ខ្មែរ និងជាកីឡាប្រពៃណី ក្នុងគោលដៅអភិរក្ស និងអភិវឌ្ឍ ដើម្បីឱ្យប្រភេទកីឡាមួយនេះ មានការរីកចម្រើនបន្ថែមទៀត។ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេសយុវជនទាំងអស់ ចូលរួមលេងកីឡា ដើម្បីសុខភាព ជួយលើកកម្ពស់ សុខុមាលភាព និងជៀសឆ្ងាយពីគ្រឿងញៀន និងសូមស្នើដល់គណៈកម្មការរៀបចំការប្រកួតគ្រប់ផ្នែកទាំងអស់ សូមអនុវត្តការងារប្រកបដោយតម្លាភាព ឈរលើក្រមសីលធម៌ វិជ្ជាជីវៈ និងមានភាពយុត្តិធម៌។

លោក សរ សិទ្ធិ បន្តថា បច្ចុប្បន្ននេះ វិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា ពិតជាកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានកិច្ចខិតខំប្រឹងប្រែងលើកស្ទួយ ជួយជ្រោមជ្រែងពីប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ ក៏ដូចជាការចូលរួមពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជននានា បានធ្វើឱ្យអត្តពលិក មានទឹកចិត្តខិតខំហ្វឹកហាត់ និងចូលរួមក្នុងការប្រកួតប្រជែងកាន់តែមានសន្ទុះខ្លាំងក្លាជាងមុន៕

ដោយ៖លី ភីលីព
