កីឡា

លោក សាមឺឌី ស៊ីវឌ្ឍនា អញ្ជើញអធិបតី ក្នុងពិធិបិទការប្រកួតកីឡា ការ៉ាតេ-ដូ ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៥

ភ្នំពេញ៖នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន សហព័ន្ធកីឡាការ៉ាតេកម្ពុជា តំណាងឲ្យលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជាបានអញ្ជើញអធិបតី ក្នុងពិធិបិទព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេ-ដូជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២៥ រៀបចំឡើង ដោយសហព័ន្ធកីឡាការ៉ាតេ-ដូកម្ពុជា នៅសាលក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥នេះ សហព័ន្ធ មានបណ្តាសាលាគុន សមាគម ក្លឹប ចំនួន ២៧ ចូលរួម និងកីឡាករចំនួន ១៧៦នាក់ កីឡាការិនីចំនួន ១៥៨នាក់ គ្រូបង្វឹកចំនួន ៥៩នាក់ ប្រតិភូដឹកនាំ ៣១នាក់ មន្ត្រីផ្លូវការចំនួន ២៤នាក់ អាជ្ញាកណ្តាល ចៅក្រម ចំនួន ១៥នាក់ សរុបចំនួន ៤៦៣នាក់ ។ កាលពីជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានចំនួនតែ ៣៥២នាក់ប៉ុណ្ណោះ ការចូលរួមជ្រើសរើសជើងឯក ឆ្នាំ២០២៥នេះ មានការកើនឡើងចំនួន ១១១នាក់។

លោកអគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានបន្តថា ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២៥ នាពេលនេះ ដែលជាការផ្តល់នូវកម្លាំងចិត្ត ដល់ការប្រកួតនាពេលនេះ ដើម្បីឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបាន ជោគជ័យ ។ ពិសេសជាងនេះទៅទៀត ព្រឹត្តិការណ៍នៃការប្រកួតនេះផងដែរ ក៏ជាការត្រៀមលក្ខណៈការប្រកួតកីឡា ការ៉ាតេជ្រើសរើសជើងឯកការ៉ាតេ អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម នាខែកក្កដា ឆ្នាំ២០២៦ ជើងឯកការ៉ាតេ អាស៊ី នៅប្រទេសឥណ្ឌូនេស៊ី នាខែមិថុនា ឆ្នាំ២០២៦ និងអេសស៊ានហ្គេម នាខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសជប៉ុន នាពេល ខាងមុខ ដើម្បីដណ្តើមយក មេដាយ ជូនជាតិ ៕
ដោយ៖លី ភីលីត

Most Popular

To Top