ខេត្តស្វាយរៀង៖ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូក “ង”ទូកនាគ ទូកផ្កាចារ ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់លោក អភិសន្តិបណ្ឌិត ស សុខា”លើកទី២ ឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ក្នុងឱកាសនេះបិទក៏មានការអញ្ជើញអមដំណើរពីសំណាក់អភិបាលខេត្តនានាដែលជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា លោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងលោក លោកស្រីតំណាងសមាគម និងក្លឹបកីឡាប្រណាំងទូកក្រសួង ស្ថាប័ន រាជធានីខេត្តចំនួន ៣៤ ក្រុម។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ការប្រកួតកីឡាប្រណាំងទូក ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី២ ប្រចាំឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឆ្នាំនេះមានសមាគម និងក្លឹបកីឡាប្រណាំងទូកក្រសួង ស្ថាប័ន រាជធានីខេត្តចំនួន ៣៤ ក្រុម ដោយកីឡាករ-កីឡាការិនីចូលរួមចំនួន ៨៤២ នាក់ ប្រកួតលើ ៦ វិញ្ញាសា។ ការប្រកួតនេះឡើងក្នុងគោលបំណងសម្រួចទិសដៅបច្ចេកទេស ក្នុងការជ្រើសរើសអត្តពលិកឆ្នើម មកធ្វើការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកីឡាទូក ប្រចាំឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេស ត្រៀមខ្លួនចូលរួមការប្រកួតកីឡាអាស៊ីហ្គេម (Asian Games) ឆ្នាំ២០២៦ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។

ក្រសួង មហាផ្ទៃ ដណ្តើមបានមេដាយមាស ចំនួន ៤ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង បញ្ជាការដ្ឋានកងទ័ពជើងទឹក ដណ្តើមបានមេដាយមាស ចំនួន ២ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តកណ្តាល ដណ្តើមបានមេដាយមាស ចំនួន ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ដណ្តើមបានមេដាយមាស ១ គ្រឿង ម្ចាស់ផ្ទះ ខេត្តស្វាយរៀង ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយប្រាក់ ២ គ្រឿង និងមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងខេត្តព្រៃវែង ឈ្នះមេដាយប្រាក់ ១ គ្រឿងដូចគ្នា។



ជាការពិតព្រឹត្តិការណ៍កីឡាមិនមែនមានត្រឹមតែការប្រកួតមួយមុខប៉ុណ្ណោះទេ ប៉ុន្តែជាការផ្តល់ឱកាស ក្នុងការទំនាក់ទំនង ការផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាការផ្សព្វផ្សាយអំពីទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិយើង ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព រវាងប្រតិភូកីឡា មកពីគ្រប់បណ្តាប្រទេស ឬក៏បណ្តាក្រសួងស្ថាប័ន រាជធានី-ខេត្ត ដែលបានអញ្ជើញមកចូលរួមការប្រកួតផងដែរ៕







ដោយ៖លី ភីលីព
