ភ្នំពេញ៖ នាថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបេសកកម្មពិសេស នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីអាជ្ញាកណ្តាលថ្នាក់ជាតិកម្រិត១ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាឆ្នាំ២០២៥មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ឈុំ វាសនា អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ផ្អែកតាមផែនការប្រតិបត្តិឆ្នាំ២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការប្រតិបត្តិប្រចាំឆ្នាំ ២០២៥ របស់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា សហព័ន្ធបានរៀបចំវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិ កម្រិត១ ដើម្បីត្រៀមរៀបចំការប្រកួតជើងឯក ថ្នាក់ជាតិ និងត្រៀមរៀបចំបណ្តុះបណ្តាលបន្តជាមន្ត្រីបច្ចេកទេស និងជំនាញអន្តរជាតិ កម្រិត២ និងកម្រិត១ ដែលមានសិទ្ធ និងមានឱកាសចូលរួមជាមន្ត្រីបច្ចេកទេសអន្តរជាតិកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិនានា ។

សិក្ខាសាលានេះមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មានគ្រូឧទ្ទេស ចំនួន៣នាក់ មន្ត្រីសម្របសម្រួល ចំនួន ២នាក់ និងសិក្ខាកាម ចំនួន ៣៦នាក់ នារី ៦នាក់ សរុបរួមចំនួន ៤២នាក់ មកពីបណ្តារាជធានី-ខេត្តដូចជា កណ្តាល ១នាក់ កែប ១នាក់ (ដែលជាមន្ត្រីរដ្ឋបាលបច្ចេកទេស នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកែបផ្ទាល់) កំពង់ស្ពឺ ១នាក់ តាកែវ ១នាក់ បន្ទាយមានជ័យ ១នាក់ បាត់ដំបង ៨នាក់ ពោធិ៍សាត់ ៣នាក់ ព្រៃវែង ១នាក់ ព្រះសីហនុ ១នាក់ រាជធានីភ្នំពេញ ១៤នាក់ សៀមរាប ៦នាក់ ស្វាយរៀង ៣ នាក់ និងឧត្តរមានជ័យ ១នាក់ ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ជាការពិតណាស់ ក្រោមម្លប់សុខសន្តិភាពនៃប្រទេសកម្ពុជា” រាជរដ្ឋាភិបាលកម្ពុជា” ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា យើងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ កាទូត និងកីឡាជាតិមានការរីកចម្រើន គួរឲ្យមានការកត់សម្គាល់ផងដែរ។

ក្នុងនាមសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាពិតជាមានសុទិដ្ឋិនិយម កោតសរសើរ និង វាយតម្លៃខ្ពស់អំពីលទ្ធផលការងារបស់គ្រូឧទ្ទេស និងសិក្ខាកាម,មានលក្ខណៈស្តង់ដារជាតិ និងអន្តរជាតិដើម្បីសម្រេចបានការងារជូនជាតិ និងមាតុភូមិនៅថ្ងៃអនាគត។

លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជាប្រព័ន្ធអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយសមត្ថភាព វិន័យ នៅ មន្ត្រី គ្រូបង្វឹក កីឡាករ កីឡាការិនី (កីឡាយុវជន ក្រមសីលធម៌ របស់ថ្នាក់ដឹកនាំ និងពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ទំនាក់ទំនងល្អ មិត្តភាព សាមគ្គីភាព។ សិក្ខាកាមទំាំងអស់ប្តេជ្ញាអនុវត្តចំណេះដឹងបានសិក្សានេះ ប្រកបដោយប្រសិទ្ធភាពក្នុងបេសកកម្ម នឹងត្រៀមសិក្សាបន្តដណ្តើមយកកម្រិតខ្ពស់ជាតិ-អន្តរជាតិ៕






ដោយ៖លី ភីលីព
