កីឡា

ការប្រកួតកីឡា វាយកូនបាល់ អន្តរជាតិអាស៊ី ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS បានឈានចូលសប្តាហ៍ទី២ហើយ

ភ្នំពេញ ៖ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ការប្រកួតកីឡាវាយកូនបាល់ អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុ ក្រោម១៤ឆ្នាំ ឆ្នាំ២០២៦ (ITF ASIA 14 & UNDER DEVELOPMENT CHAMPION SHIPS 2026) បានឈានចូលសប្តាហ៍ទី ២ ហើយនៅទីលានវាយកូនបាល់ នៃពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ដោយមាន ១២ ប្រទេសចូលរួម ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ ចូលរួមប្រកួតប្រជែង ។

ចំពោះកីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជា មាន៤នាក់ រួមមានកីឡាករកាន់កូនកាត់ខ្មែរ-រស្ស៊ី មីហេអ៊ីឆេវ អាឡិចសេនឌឺ កីឡាករ មានសុផានិត និងកីឡាការិនី ម៉ន មករា និងកីឡាការិនី ស៊្រុន ជំនិតអេសធើ ដឹកនាំដោយគ្រូបង្វឹកកម្ពុជា លោក ឃ្លាំង ពន្លក។ កីឡាករ-កីឡាការិនីម្ចាស់ផ្ទះកម្ពុជាត្រូវប្រកួតលើ៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនក្មេងប្រុស-ក្មេងស្រី និងវាយគូក្មេងប្រុស-ក្មេងស្រីក្រោម១៤ឆ្នាំ។

ការប្រកួតកីឡាវាយកូនបាល់អន្តរជាតិអាស៊ី វគ្គជម្រុះប្រចាំតបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើតអាយុក្រោម១៤ឆ្នាំ (ITF ASIA 14 & UNDER DEVELOPMENT CHAMOPIONSHIPS 2026-Regional Qualifying Event South, Southeast, & East Asia) ត្រូវចាប់ផ្តើមប្រកួតជម្រុះពីថ្ងៃទី០៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ដោយមាន១២ប្រទេសចូលរួម ដោយក្នុង១ប្រទេសមានកីឡាករ២នាក់ និងកីឡារិនី២នាក់ ខណៈម្ចាស់ផ្ទះកម្ពុជាមានកីឡាករ កីឡាការិនី៤នាក់ចូលរួមប្រកួតប្រជែងដែរ។

កញ្ញា ស៊ុម ចិន្តា អ្នកសម្របសម្រួលព្រឹត្តិការណ៍នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងថា នេះជាការប្រកួតប្រជែងក្រុមសន្សំពិន្ទុ ដើម្បីស្វែងរកក្រុមជ័យលាភីដែលមានពិន្ទុៗជាងគេ (២ប្រទេស) សម្រាប់ការប្រកួតនៅជុំផ្តាច់ព្រ័ត្រ នាឆ្នាំ២០២៧ខាងមុខ។ តាមរយៈការទទួលបានសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍វាយកូនបាល់អន្តរជាតិវគ្គជម្រុះតំបន់មួយនេះនឹងជួយផ្តល់ឱកាសដល់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជាបានចូលរួមប្រកួតប្រជែង ដកស្រង់បទពិសោធន៍បច្ចេកទេសបន្ថែមជាមួយកីឡាករ កីឡាការិនីអន្តរជាតិមកពី១១ប្រទេសផ្សេងៗទៀត។

កញ្ញា ស៊ុម ចិន្តា គូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រកួតវាយកូនបាល់អន្តរជាតិវគ្គជម្រុះប្រចាំតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសកម្ពុជា ឆ្នាំ២០២៦នេះ មានគ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៦០នាក់ (ក្នុងប្រទេសមានកីឡាករ២នាក់ និងកីឡាការិនី២នាក់ គ្រូបង្វឹកម្នាក់)៕

Most Popular

To Top