ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គ្រូបង្វឹក កីឡាករ កីឡាការិនីសូហ្វតិន្នីសកម្ពុជា បានធ្វើមាតុភូមិនិវត្ត មកដល់ព្រះរាជាណាចក្រកម្ពុជា វិញហើយ ដោយដណ្តើមបានមេដាយសរុបចំនួន ៥ គ្រឿង ក្នុងនោះមេដាយប្រាក់ ២ គ្រឿង និងមេដាយសំរឹទ្ធ ៣ គ្រឿងក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នី ជើងឯកយុវជនអាស៊ីលើកទី២ (The 2nd Asian Junior Soft Tennis Championship 2026) នៅប្រទេសឥណ្ឌា។

ដំណើរមកដល់ នៃអត្តពលិកជ័យលាភីសូហ្វតិន្នីសកម្ពុជាពេលនេះ ត្រូវបានទទួលស្វាគម៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំ នៃសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា នាអាកាសយានដ្ឋានអន្តរជាតិតេជោ។ ព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីស ជើងឯកយុវជនអាស៊ី លើកទី២ ឆ្នាំ២០២៦(The 2nd Asian Junior Soft Tennis Championship 2026) បានប្រព្រឹត្តទៅពីថ្ងៃទី៣ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានប្រទេសចូលរួមសរុបចំនួន៩ រួមមាន កម្ពុជា ចិន ឥណ្ឌូនេស៊ី ជប៉ុន សាធារណរដ្ឋកូរ៉េ ឡាវ ថៃ ម៉ុងហ្គោលី និងម្ចាស់ផ្ទះឥណ្ឌា។

សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជូនគ្រូបង្វឹកម្នាក់ រួមទាំងកីឡាករ កីឡាការិនី៦រូប រួមមាន លោក យី សារិន គ្រូបង្វឹក កីឡាការិនី ឃន ច័ន្ទរ៉ូសិកា កីឡាករិនី ឆាន ឈីវហួយ កីឡាការិនី ឈន ច័ន្ទកញ្ញា កីឡាករ យ៉ន ឈុនលៀប កីឡាករ ហ៊ីម ដារាពេជ្រ និងកីឡាករ ទឹម ចាន់កក្កដា ។

អត្តពលិកទទួលមេដាយទាំង៥គ្រឿង ដូចជា វិញ្ញាសាវាយឯកត្តជនយុវនារីអាយុក្រោម១៨ឆ្នាំ កីឡាការិនី ឆាន ឈាវហ៊ួយ ដណ្តើមបានមេដាយប្រាក់១គ្រឿង វិញ្ញាសាវាយក្រុមចម្រុះបុរស-នារី កីឡាករ យ៉ន ឈុនលាភ ហ៊ីម ដារ៉ាពេជ្រ ទឹម ច័ន្ទកក្កដា កីឡាការិនី ឃន ចន្ទរ៉ូសិកា ឆាន ឈាវហួយ និងឈន ច័ន្ទកញ្ញា ដណ្តើមបានមេដាយប្រាក់១គ្រឿង វិញ្ញាសាវាយគូយុវនារីក្រោម២១ឆ្នាំ -កីឡាការិនី ឃន ចន្ទរ៉ូសិកា និងកីឡាការិនី ឆាន ឈាវហ៊ួយ ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង វិញ្ញាសាវាយគូយុវនារីអាយុក្រោម១៨ឆ្នាំ -កីឡាការិនី ឆាន ឈាវហ៊ួយ និងកីឡាការិនី ឈន ច័ន្ទកញ្ញា ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង និងវិញ្ញាសាវាយក្រុមនារី -កីឡាការិនី ឃន ចន្ទរ៉ូសិកា កីឡាការិនីឆាន ឈាវហួយ និងកីឡាការិនី ឈន ច័ន្ទកញ្ញា ដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿង.

សូមជម្រាបជូនថា នេះជាលើកទី២ ដែលក្រុមសូហ្វតិន្នីសកម្ពុជា បានចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ជើង ឯកយុវជនអាស៊ី (Asian Junior Soft Tennis Championship)។ កាលពីចូលរួមលើកទី១ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ ក្រុមកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន២គ្រឿងដែរ។ ហើយការឈ្នះមេដាយរហូត៥គ្រឿង (ប្រាក់២ និងសំរឹទ្ធ៣)នៅពេលនេះ អាចចាត់ទុកបានថា ជាការបំបែកទំព័រប្រវត្តិសាស្រ្តថ្មីរបស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ដែលអត្តពលិកអាចប្រជែងបានមេដាយ និងភាគច្រើនអាចឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ (Final )បាន ដែលកន្លងមកពុំធ្លាប់ឡើងដល់វគ្គនេះនោះទេ៕


