ភ្នំពេញ ៖នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា និងលោក វ៉ា ស៊ិនភីរម្យ ជាទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកបេសកកម្ម ពិសេសនៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាតំណាង លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញអធិបតីភាព ក្នុងពិធីបើកការប្រកួតកីឡាទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ រៀបចំដោយសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោក ឈុំ វាសនា អគ្គលេខាធិការ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកកីឡា លើកទម្ងន់មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលការប្រកួតមានចំនួន ៩ វិញ្ញាសាគឺ យុវជនបុរស ចំនួន៣វិញ្ញាសា នារីពេញវ័យ២ វិញ្ញាសា និងបុរសពេញវ័យ ចំនួន៤វិញ្ញាសា។ការប្រកួតនេះចូលរួមពីក្រសួង ចំនួន២គឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និង ខេត្តចំនួន៧ រួមមានកណ្តាល កែប កំពត កំពង់ធំ កំពង់ចាម បាត់ដំបង និងព្រះសីហនុ)សរុបចំនួន ៤៣រូប ក្នុងនោះគ្រូបង្វឹកចំនួន ៩រូប និងអត្តពលិក ៣៤រូប។

លោកអគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបន្តថា ការប្រកួតនេះមានចៅក្រម អាជ្ញាកណ្តាល វេជ្ជបណ្ឌិតក្នុងការប្រកួត មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ពិធីការប្រកួត ពិធីការបំពាក់មេដាយ មន្ត្រីរដ្ឋបាល មន្ត្រីសម្របសម្រួល ចំនួន ៣៨រូប សរុបរួមចំនួន ៨១រូប ។ ការប្រកួតអាចដំណើរការទៅបាន ដោយសារមានឧបត្ថម្ភ ជ្រោមជ្រែងទាំងសម្ភារៈ ស្មារតី និងថវិកាពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា មជ្ឈមណ្ឌល និងនាយកដ្ឋានជំនាញចំណុះ និង ការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេសពីសហព័ន្ធកីឡាលើកទម្ងន់ អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតជើងឯក កីឡាលើកទម្ងន់ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹង សមត្ថភាពជំនាញបច្ចេកទេស ក្នុងពេលអនុវត្តជាក់ស្តែងឲ្យមានគុណវុឌ្ឍ និងស្ទាត់ជំនាញ កសាងធនធានគ្រូបង្វឹក អត្តពលិក និងពិសេសដើម្បី រួមចំណែកជានឹងមួយរាជរដ្ឋាភិបាលក្នុងការបន្តអភិវឌ្ឍន៍សមត្ថភាព គាំទ្រផែនការយុទ្ធសាស្ត្រវិស័យអប់រំ និង បន្តអភិវឌ្ឍអនុវិស័យអប់រំកាយ និងកីឡា ២០២៤-២០២៨ និងត្រៀមរួចជាស្រេចចូលរួមក្នុងព្រឹត្តការណ៍ ប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាការពិតណាស់ ក្រោមម្លប់សុខសន្តិភាព នៃប្រទេសកម្ពុជា” រាជរដ្ឋាភិបាលកម្ពុជា” ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា យើងមានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ កាទូត និងកីឡាជាតិមានការរីកចម្រើន គួរឲ្យមានការកត់សម្គាល់ផងដែរ។

លោកប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានបញ្ជាក់ថា សហព័ន្ធនៅតែពុះពារ ខិតខំសម្រិតសម្រាំង ស្រាវជ្រាវចងក្រងឯកសារច្បាប់ បច្ចេកទេស កសាង ធនធានមនុស្ស ពិនិត្យ កសាងផែនការអភិវឌ្ឍ ដាក់ចេញផែនការសកម្មភាពប្រចាំឆ្នាំ និងអនុវត្តតាមការណែនាំ ដោយអនុលោមតាមបទដ្ឋានបច្ចេកទេស និងធម្មនុញ្ញ របស់សហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ និងអាស៊ី ធ្វើឲ្យកិត្យានុភាពកម្ពុជាត្រូវបានលើកកម្ពស់ស្មើសិទ្ធិ ស្មើភាព ក្នុងចំណោមប្រទេសនានា ក្នុងតំបន់ និងពិភពលោក ។ ដូចនេះហើយ ដែលការប្រកួតជើងឯកកីឡា លើកទម្ងន់ឆ្នាំ២០២៥នេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលសហព័ន្ធត្រូវបំពេញ ឱ្យត្រូវតែអនុវត្តឱ្យខានតែបាន ទោះបីយឺតជាងផែនការ គ្រោងទុក ដែលសហព័ន្ធ បានគ្រោង និងត្រូវបានលើកពេលកាលពីខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដោយមូលហេតុថាមានផលប៉ះពាល់ ដោយសារស្ថានការណ៍នៅជម្លោះតាមបន្ទាត់ព្រំដែនក៏ដោយ៕


