ភ្នំពេញ ៖ ក្រសួងការពារជាតិ ដណ្តើមបានមេដាយមាស ៤ គ្រឿងក្លាយជាក្រុមគ្រង់ តំណែងជើងឯកការ ប្រកួតកីឡាទម្ងន់ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ២០២៥ ខណៈក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១ គ្រឿង ការប្រកួតនេះរៀបចំ ដោយសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាឆ្នាំ២០២៥ ក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ។

នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈុំ វាសនា អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធកីឡា លើកទម្ងន់កម្ពុជា តំណាងលោក តែម ម៉ឺន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានអញ្ជើញអធិបតីភាព ក្នុងពិធីបិទការប្រកួតកីឡា ទម្ងន់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ មជ្ឈមណ្ឌលកីឡាកង យោធពលខេមរភូមិន្ទ ។

លោក វណ្ណ ណាក់ អគ្គលេខាធិការរង សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតជើងឯកកីឡា លើកទម្ងន់មានរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលការប្រកួតមានចំនួន ៩ វិញ្ញាសាគឺ យុវជនបុរស ចំនួន៣វិញ្ញាសា នារីពេញវ័យ២ វិញ្ញាសា និងបុរសពេញវ័យ ចំនួន៤វិញ្ញាសា។ការប្រកួតនេះចូលរួមពីក្រសួង ចំនួន២គឺ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ និង ខេត្តចំនួន៧ រួមមានកណ្តាល កែប កំពត កំពង់ធំ កំពង់ចាម បាត់ដំបង និងព្រះសីហនុ)សរុបចំនួន ៤៣រូប ក្នុងនោះគ្រូបង្វឹកចំនួន ៩រូប និងអត្តពលិក ៣៤រូប។

លោកអគ្គលេខាធិការរង បានបន្តថា ការប្រកួតនេះមានចៅក្រម អាជ្ញាកណ្តាល វេជ្ជបណ្ឌិតក្នុងការប្រកួត មន្ត្រីបច្ចេកទេសថ្នាក់ជាតិ ពិធីការប្រកួត ពិធីការបំពាក់មេដាយ មន្ត្រីរដ្ឋបាល មន្ត្រីសម្របសម្រួល ចំនួន ៣៨រូប សរុបរួមចំនួន ៨១រូប ។ ការប្រកួតអាចដំណើរការទៅបាន ដោយសារមានឧបត្ថម្ភ ជ្រោមជ្រែងទាំងសម្ភារៈ ស្មារតី និងថវិកាពី ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអគ្គនាយកដ្ឋានកីឡា មជ្ឈមណ្ឌល និងនាយកដ្ឋានជំនាញចំណុះ និង ការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ការគាំទ្រផ្នែកច្បាប់ និងបច្ចេកទេសពីសហព័ន្ធកីឡាលើកទម្ងន់ អន្តរជាតិ អាស៊ី និងអាស៊ីអាគ្នេយ៍ ។

ជាលទ្ធផលក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៤ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រសួងមហាផ្ទៃឈ្នះមេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកណ្តាល ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តបាត់ដំបងឈ្នះមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ខេត្តព្រះសីហនុ ឈ្នះមេដាយមាស ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តកែបឈ្នះមេដាយមាស ១គ្រឿង៕



