វ៉ាស៊ីនតោន៖តម្លៃសំបុត្រសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup 2026” បានកើនឡើងយ៉ាងខ្លាំង នៅលើវេទិកាលក់បន្តផ្លូវការ របស់ FIFA ដោយកៅអីសម្រាប់ការ ប្រកួតជាច្រើនត្រូវ បានចុះបញ្ជីក្នុងតម្លៃខ្ពស់ជាងតម្លៃ មុខរបស់វាច្រើនដង ទោះបីជាសំបុត្រភាគច្រើន ទើបតែត្រូវបានចែកចាយថ្មីៗ នេះបន្ទាប់ពីបញ្ចប់ដំណាក់កាល លក់សំខាន់នៅក្នុងខែមករាក៏ដោយ។
ប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រធាន FIFA លោក Gianni Infantino បានព្រមានថា សំបុត្រដែលមាននៅ លើគេហទំព័រលក់ បន្តមានតម្លៃខ្ពស់ហួសហេតុ ការភ័យខ្លាចទាំងនោះបានកើតឡើងនៅលើវេទិកា បាល់ទាត់ពិភពលោកផ្ទាល់ ។ គិតត្រឹមថ្ងៃពុធ កៅអីប្រភេទទីបី ផ្នែកខ្ពស់បំផុត នៃស្តង់ សម្រាប់ការប្រកួតបើកឆាករវាងម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង នៅកីឡដ្ឋាន Azteca ទីក្រុងម៉ិកស៊ិកនៅថ្ងៃទី១១ ខែមិថុនា ត្រូវបានចុះបញ្ជីក្នុងតម្លៃ ៥,៣២៤ ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃដើម ៨៩៥ ដុល្លារ។
ទន្ទឹមនឹងនេះ កៅអីប្រភេទទីបីមួយ សម្រាប់វគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃទី ១៩ ខែកក្កដា នៅ East Rutherford រដ្ឋ New Jersey ត្រូវបានផ្សព្វផ្សាយក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើល ១៤៣,៧៥០ ដុល្លារ ថ្លៃច្រើនជាង ៤១ ដងនៃតម្លៃដើមរបស់វា ៣,៤៥០ ដុល្លារ ។ សំបុត្រមានតម្លៃថោកបំផុត ដែលមានសម្រាប់វគ្គផ្តាច់ព្រ័ត្រ នៅលើគេហទំព័រ លក់បន្តត្រូវបានចុះបញ្ជីក្នុងតម្លៃ ៩,៧៧៥ដុល្លារ ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីកម្រមួយចំនួន តម្លៃសំបុត្រមួយចំនួន ពិតជាបានថយចុះ។ សំបុត្រមួយសន្លឹក សម្រាប់ការប្រកួតក្នុងពូល របស់ប្រទេសអូទ្រីសជាមួយ Jordan នៅកីឡដ្ឋាន Levi’s ក្នុងរដ្ឋកាលីហ្វ័រញ៉ាជាម្ចាស់ផ្ទះនៃការប្រកួត Super Bowl នៅថ្ងៃអាទិត្យ ត្រូវបានលក់ក្នុងតម្លៃ ៥៥២ ដុល្លារ ទោះបីជាអ្នកទិញដើមរបស់ខ្លួនចំណាយអស់ ៦២០ ដុល្លារក៏ដោយ។
សម្រាប់អ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក តម្លៃមួយចំនួននៅលើគេហទំព័រ លក់បន្តរបស់ FIFA គឺជាការបញ្ជាក់ពីអ្វីដែលពួកគេ បានត្អូញត្អែរចាប់តាំងពីការ ចាប់ឆ្នោតការប្រកួតក្នុងខែធ្នូ។
លោក Guillaume Aupretre អ្នកនាំពាក្យរបស់ក្រុមអ្នកគាំទ្រ ក្រុមជម្រើសជាតិបារាំង «Irresistibles Francais» មានសមាជិកជិត ២,៥០០ នាក់។ ជាអកុសល តម្លៃហួសហេតុទាំងនេះ មិនធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលទេ។ វាឆ្លុះបញ្ចាំងពីអ្វីដែលយើងដឹង និងអ្វីដែលយើងប្រយុទ្ធប្រឆាំង មនុស្សជាច្រើនទិញដើម្បីលក់បន្ត៕
